នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការប៉ះទង្គិចដោយអាវុធ រវាងកងកម្លាំងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែនរួម។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអំពាវនាវឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់ខ្ពស់បំផុត រក្សាទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃហេតុការណ៍ប្រយុទ្ធគ្នា។
នៅលើបណ្តាញសង្គម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរថា៖ “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍អំពីការប៉ះទង្គិចដោយអាវុធ រវាងកងកម្លាំងកម្ពុជា និងថៃ។ ការប្រយុទ្ធឡើងវិញនេះ អាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងដ៏ហ្មត់ចត់ ដែលត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរមានស្ថិរភាព”។
លោកអាន់វ៉ា បានបញ្ជាក់ថា “ថៃ និងកម្ពុជា” គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃអាស៊ាន។ ម៉ាឡេស៊ី ជំរុញឱ្យភាគីទាំងពីរ អនុវត្តការអត់ធ្មត់ខ្ពស់ រក្សាទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការដែលមានស្រាប់។ ប្រទេសម៉ាឡេស៊ី ក៏បានប្រកាសថា “ត្រៀមខ្លួនគាំទ្រជំហានណាមួយដែលអាចស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ឧប្បត្តិហេតុផ្សេងៗទៀត”។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា “តំបន់របស់យើងមិនអាចមានលទ្ធភាពមើលឃើញជម្លោះយូរអង្វែង រអិលចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នាមិនចេះចប់នោះទេ។ អាទិភាពបន្ទាន់ គឺបញ្ឈប់ការប្រយុទ្ធ ដើម្បីការពារជនស៊ីវិល ហើយត្រឡប់ទៅផ្លូវការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែកលើ”៕




