ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អគ្គភ័ស្តុភារ សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានចេញសារថា “នៅក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថា និងប្រើកម្លាំងវាយយក ១១ ចំណុច ដែលយើងមិនច្បាស់ថា ១១ ចំណុចនេះ នៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល”។
សម្តេចតេជោលើកឡើងថា “យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់”។
សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់ថា សម្រាប់មេទ័ពថៃ បានប្រកាសថា “ដើម្បីសន្តិសុខប្រជាជនថៃ ត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង”។ សម្តេចតេជោថា “សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយឱបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ”។
ចុងក្រោយ សម្តេចតេជោកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថា “ល្មោភសង្រ្គាម”។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថា “ខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃ ដើម្បីដូរយកសន្តិភាព”។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?
សម្តេចតេជោ បានបញ្ជាក់ថា “កម្ពុជា ត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបត ដើម្បីការពារទឹកដីយើង”៕



