ថៃ៖ ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខ ដោយព្រមានពលរដ្ឋអាមេរិក ឱ្យចៀសវាងការធ្វើដំណើរនៅក្នុងតំបន់ព្រំដែនថៃ–កម្ពុជា ក្នុងចម្ងាយយ៉ាងតិច ៥០ គីឡូម៉ែត្រ។ ការព្រមាននេះមានមូលហេតុពីស្ថានភាពប៉ះទង្គិចដោយអាវុធរវាងប្រទេសជិតខាងទាំងពីរ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានទូតអាមេរិក សេចក្តីជូនដំណឹងប្រាប់ពលរដ្ឋរបស់ខ្លួន ដោយបានបញ្ជាក់ថា របាយការណ៍អំពីការបាញ់កាំភ្លើងធំ និងកាំភ្លើងធុនតូចកើនឡើងនៅតាមតំបន់ព្រំដែនជាច្រើន។
ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារឆ្លងដែន។ ស្ថានទូតអាមេរិក បានពិពណ៌នាស្ថានភាពថា “ប្រែប្រួលឆាប់រហ័ស” និងបានកត់សម្គាល់ថា រដ្ឋាភិបាលអាមេរិកមានសមត្ថភាពមានកម្រិត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់។
ស្ថានទូតអាមេរិក បានថ្លែងថា “ពលរដ្ឋអាមេរិកគួរតែចៀសវាងរាល់ការធ្វើដំណើរក្នុងរង្វង់ដី ៥០ គីឡូម៉ែត្រ ពីព្រំដែន ថៃ-កម្ពុជា ដោយសារតែមានអរិភាពសកម្ម និងស្ថានភាពសន្តិសុខដែលមិនអាចទាយទុកជាមុនបានឡើយ”៕



