2025-12-14 14:54
18

ព្រះវិហារ៖ នៅរសៀលម៉ោង២ ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ កងមកម្លាំងយោធាកម្ពុជា បានប្រើប្រាស់កាំជ្រួចហ្វូងបាញ់ស្រោចលើសមរភូមិមុខ ប្រាសាទព្រះវិហារ និងតំបន់ជាំតែ ប្រឆាំងការឈ្លានពាន់របស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ 

យោងតាមសេចក្តីរាយការណ៍ពីជួរមុខបានឱ្យដឹងថា ដើម្បីឆ្លើយតបការរុលមកមុខពីសំណាក់យោធាថៃ ចូលដែនអធិបតេយ្យកម្ពុជា កងទ័ពកម្ពុជា នៅរសៀលនេះ បានប្រើប្រាស់សិទ្ធិការពារដោយបាញ់ស្រោចអាវុធធន់ធ្ងន់ ជាពិសេសកាំជ្រួចហ្វូង BM-21 នៅសមរភូមិមុខប្រាសាទព្រះវិហារ និងជាំតែ បណ្តាលឲ្យឆេះនៅខាងភាគីថៃយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យឆេះឃ្លាំងស្ដុកគ្រាប់ ឬសម្ភារៈយោធាថៃ។

សូមបញ្ជាក់ថា វីរកងទ័ពកម្ពុជា បាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕