2025-12-20 10:39
5

បើទោះបីជាមហាអំណាចអាមេរិក និងចិន បង្ហាញការប្រជែងអំណាចគ្នា ដើម្បីផ្សះផ្សារជម្លោះកម្ពុជា-ថៃ ដែលកំពុងផ្ទុះឡើងយ៉ាងតានតឹងនៅបន្ទាត់ព្រំដែន ឲ្យត្រឡប់ទៅរកបទឈប់បាញ់ និងងាកទៅគោរពសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួយ៉ាងក៏ដោយ ប៉ុន្តែថៃនៅតែផ្គើនម្ដងជាពីរដង ក្នុងការបន្តសង្គ្រាមឈ្លានពានចូលដីកម្ពុជាដដែល។

តួយ៉ាង នៅវេលាម៉ោង ១០:៥៨នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រីស្នំ ខេត្តសៀមរាប។ នេះបើតាមក្រសួងការពារជាតិ។

តាមរយៈរូបភាពនៃការទម្លាក់គ្រាប់ពីសំណាក់យោធាថៃ ធ្វើឲ្យយើងអាចវាយតម្លៃបានថា ស្ពានអូរជីក រងការខូចខាតយ៉ាងខ្លាំងរហូតធ្វើដំណើរឆ្លងកាត់លែងកើតតែម្តង។ ទង្វើដ៏សាហាវឃោឃៅនេះ សបញ្ជាក់ឲ្យឃើញថា កងទ័ពអាកាសថៃ នៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជាឥតឈប់ឈរ បើទោះបីជាមានការលូកដីជួយអន្តរាគមន៍ពីមហាអំណាចអាមេរិក ចិន និងអឺរ៉ុបយ៉ាងណាក៏ដោយ។

សូមបញ្ជាក់ឲ្យដឹងថា ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង១០ឆ្នាំមកហើយ។ ហើយវាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្ពុជារួមទាំងការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

ប្រជាជនកម្ពុជាទាំងអស់ រងកាឈឺចាប់ឥតឧបមា ក្រោយឃើញសកម្មភាពរបស់យោធាថៃម្ដងហើយម្ដងទៀត ក្នុងការប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទវាយប្រហារទៅលើផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សម្រាប់ធ្វើដំណើរ ប្រកបរបរអាជីវកម្ម និងបង្ករទុក្ខទោសដល់អាយុជីវិតប្រជាជនខ្មែរ៕