បាងកក៖ ពាក់ព័ន្ធករណីកម្ពុជាបានផ្សាយនូវរូបថតថា អាចបំផ្លាញយន្តហោះគ្មានមនុស្សបើក (ដ្រូនស៊ើបការណ៍ខ្នាត់ធំ) របស់យោធាថៃ ដែលមានតម្លៃជិត ២០ លានដុល្លារ ក្នុងមួយគ្រឿង បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា «ដ្រូនដែលធ្លាក់ គឺម៉ូដែល DP-20 ឬ D-eyes 04 ហើយការបំផ្លាញនេះ កើតឡើងដោយសារភាគីកម្ពុជាមានអាវុធប្រឆាំងយន្តហោះគ្មានមនុស្ស»។
លោក Nattapon Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានសង្កត់ថា ទោះបីមានការប្រុងប្រយ័ត្នកន្លងមកក៏ដោយ ក្នុងសង្គ្រាមតែងមានការបាត់បង់។ គាត់បានបញ្ជាក់ថា «ប្រសិនបើយុទ្ធភ័ណ្ឌមានតែមិនហ៊ានប្រើប្រាស់នោះមិនត្រឹមត្រូវទេ!។
ដូច្នេះកងទ័ពត្រូវប្រើអាវុធដែលមានសម្រាប់បំពេញភារកិច្ច ប៉ុន្តែត្រូវជៀសវាងការខូចខាត»។ លោក Nattapon បានទទួលស្គាល់ថា ទោះមានការបាត់បង់ខ្លះ ក៏ជារឿងគួរឱ្យស្តាយ។
តាមប្រភពគួរឱ្យទុកចិត្តបានបង្ហាញថា បច្ចុប្បន្ននេះ ដ្រូនស៊ើបការណ៍យោធាខ្នាតធំរបស់ថៃ DP-20 ឬ D-eyes 04 មានចំនួន ០៣ គ្រឿង យោធាថៃ បានចំណាយលុយ ជាង ៥៧ លានដុល្លារ ទិញពីប្រទេសអ៊ីស្រាអែល។
សម្រាប់ការថែទាំគ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ចំណាយ ២៧លានដុល្លារ។ ក្នុងសង្គ្រាមឈ្លានពានមកលើកម្ពុជា យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ទាំងនេះហោះតាមបន្ទាត់ព្រំដន និងឆ្លងចូលដែនអាកាសរបស់កម្ពុជាជារៀងរាល់ថ្ងៃ ដោយការអត់ធ្មត់មានដែនកំណត់ ទើបកងទ័ពកម្ពុជា ប្រើសិទ្ធិការពារដែនអាកាសក៏បាញ់ទម្លាក់ជាការព្រមាន កុំឱ្យចេះហ៊ានហោះចូលផ្តេសផ្តេសទៀត៕




