2025-12-26 09:56
10

បន្ទាយមានជ័យ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងសន្ធាប់។ ចំពោះការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៥ និង៥៨ ត្រូវផ្អាកចរាចរបណ្តោះអាសន្ន ព្រោះថៃកំពុងបាញ់ផ្លោងដាក់ខ្លាំងត្រង់រង្វង់មូល៥៨ និងលោកយាយម៉ៅ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

តាមក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ០៨និង១៥នាទី ថ្ងៃទី២៦ ខែធ្នូនេះ យោធាថៃបានបាញ់ផ្លោង ចំនួន ០៣ គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា “កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត”។


យោងសារសំឡេងរបស់ លោក ប៉ាន់ខែម ប៊ុនថន តាមប្រព័ន្ធតេឡេក្រាម បានបញ្ជាក់ថា ផ្លូវជាតិលេខ៥ និង៥៨ ត្រូវបានបិទជាបណ្តោះអាសន្ន ព្រោះយោធាថៃ កំពុងសម្រុកបាញ់ផ្លោងជញ្រុំត្រង់ចំណុចរង្វង់មូល៥៨ និងលោកយាយម៉ៅ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋដោយមិនអនុញ្ញាតិឱ្យធ្វើដំណើរឆ្លងកាត់ឡើយ រងចាំស្ថានការណ៍បានធូស្រាល កម្លាំងសមត្ថកិច្ច និងក្រុមការងារនឹងបើកឱ្យដំណើរការឡើងវិញ៕