2025-12-27 15:27
7

កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួម នេះគិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធារបស់ភាគីម្ខាងទៀត។ នេះបើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

ក្រោយឯកភាពគ្នាលើបទឈប់បាញ់ខាងលើ ឃើញថានៅវេលាម៉ោង១២៖០០ នាទីថ្ងៃត្រង់ទី២៧ ធ្នូនេះ សភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏មានភាពស្ងប់ស្ងាត់គ្រប់សមរភូមិដូចគ្នាដែរ។ 

យ៉ាងណាវិញ បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរ៉ាក់គុល បានលើកឡើងពីកង្វល់របស់ប្រជាជនថៃ ទាក់ទងនឹងការជំទាស់នឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយសារតែការមិនទុកចិត្តលើកម្ពុជា។

នេះបើតាមសារព័ត៌មាន Khaosod។ អានុទីន បានបញ្ជាក់ប្រាប់ប្រជាជនថៃថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ហើយប្រតិបត្តិការយោធាទាំងអស់បានកំណត់ដំណើរការរួចហើយ។ ហើយរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងដល់យោធាថៃ។

សូមក្រើនរំឭកថា រដ្ឋាភិបាលថៃ បានប្រកាសថា ខ្លួនយល់ព្រមឈប់បាញ់ ៧២ម៉ោងបណ្ដោះអាសន្ន រួមទាំងដោះលែងវីរៈកងទ័ពខ្មែរទាំង១៨រូប ឲ្យត្រឡប់មកមាតុប្រទេសវិញ។ ប៉ុន្តែការយល់ព្រមបណ្ដោះអាសន្ននេះ នឹងត្រូវចាត់ទុកជាមោឃៈភ្លាមៗ ប្រសិនជាមានការផ្ទុះអាវុធតាមព្រំដែនជាថ្មីម្ដងទៀត ក្នុងរយៈពេល៧២ម៉ោង នេះបើតាមសម្ដីរបស់នាយករដ្ឋមន្រ្តីចាំផ្ទះថៃ។

សូមគូសបញ្ជាក់ថា កម្ពុជានៅតែស្វាគមន៍រាល់ការដោះស្រាយគ្នាដោយសន្តិវិធី ជាពិសេសកម្ពុជានៅតែគោរពបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេ។ 

កម្ពុជាសង្ឃឹមថា ថៃនឹងគោរពរាល់ការប្រកាសជំហររបស់ខ្លួន និងមិនមានការប្រែក្រឡាស់ណាមួយកើតឡើង ក្នុងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នានោះឡើយ៕