2025-12-30 07:49
7

អំពីបញ្ហាបោសសម្ពាតមីន នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ នៅខេត្តយូណាន ប្រទេសចិនថា យើងមានក្រុមការងារសម្របសម្រួលចម្រុះ SOP មានលក្ខណការងាររួចរាល់ ហើយក៏បានរកឃើញតំបន់នាំមុខមួយចំនួន និងអាចបន្តការងារនេះទៅបានស្របទៅតាមអ្វីដែលបានឯកភាព និងព្រមព្រៀងគ្នា។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ទោះបីជាកម្ពុជានៅមានតំបន់ដែលផលប៉ះពាល់ដោយសារគ្រាប់មីនច្រើននៅក្នុងប្រទេសនៅឡើយ ប៉ុន្តែដើម្បីកិច្ចសហប្រតិបត្តិការធានាសុវត្ថិភាពដល់ប្រជាជនដែលរស់នៅតាមព្រំដែន កម្ពុជាសុខចិត្តរំលែកកម្លាំងពីក្នុងប្រទេស ដើម្បីទៅចូលរួមធ្វើការងារដោះមីននៅតាមព្រំដែន ប៉ុន្តែត្រូវធ្វើទៅតាមអ្វីដែលបានឯកភាពគ្នា”។ 

នេះបើតាមការបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ពិសេសរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី ត្រីភាគី នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា “យើងបានប្តេជ្ញាជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញផងដែរ ប៉ុន្តែបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះ មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងនោះទេ គឺជាបញ្ហារបស់ប្រទេសនានាក្នុងតំបន់ និងលើពិភពលោកដែលត្រូវរួមសហការ និងធ្វើការជាមួយគ្នាដោយភាពសកម្ម ដើម្បីបំបាត់ឧក្រិដ្ឋកម្ម និងវិនាសកម្មដែលបង្កឡើងដោយឧក្រិដ្ឋនេះ”៕