2026-01-01 17:00
6

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ វេលាព្រឹក សម្តេចព្រះបរមនាថ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ បានអនុញ្ញាតឱ្យវីរកងទ័ពកម្ពុជា ១៨ រូប និងក្រុមគ្រួសារចូលជួបសំណេះ​សំណាល និងសួរសុខទុក្ខ នៅព្រះបរមរាជវាំង បន្ទាប់ពីការឃុំគ្រងរបស់ភាគីថៃ រយៈពេល ១៥៥ ថ្ងៃ។

ឋិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេមានសេចក្តីសោមនស្សរីករាយ បានទទួលជួបសំណេះសំណាលជាមួយអស់លោកជាវីរយុទ្ធជន ១៨ រូប នៃប្រជាជាតិកម្ពុជាយើង ដែលត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំឃាំងនៅប្រទេសថៃអស់មួយរយៈពេលកន្លងមកនេះ។

នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាននៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង ១៨ រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ព ចំនួន ០១ នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែម ចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ព ចំនួន ០២ រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕