2026-01-08 17:19
22

ឧត្ដរមានជ័យ៖ បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា បង្កឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ សំណង់សាធារណៈ ព្រមទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងដំណំ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលមូលដ្ឋាន បានចូលរួមជាមួយក្រុម AOT ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែងនៅតំបន់ច្រកអន្តរជាតិអូរស្មាច់។

 ការចុះពិនិត្យនេះ ដឹកនាំដោយថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ដើម្បីកត់ត្រាផលប៉ះពាល់ដែលកើតឡើងពីសកម្មភាពវាយប្រហាររបស់ទាហានថៃ និងសកម្មភាពរាយបន្លាលួសឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ 

តាមការបញ្ជាក់ពីក្រុមការងារ ការវាយប្រហារនេះបានបង្កឲ្យមានការខូចខាតដល់អគារសេវាសាធារណៈមួយចំនួន និងបរិវេណច្រកទ្វារអន្តរជាតិ ព្រមទាំងប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជិតខាង។ ក្រុមការងារបានធ្វើការថតរូប កត់ត្រាទិន្នន័យ និងប្រមូលភស្តុតាង ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ សម្រាប់ដំណោះស្រាយបន្តតាមនីតិវិធីជាតិ និងអន្តរជាតិ។ 

អាជ្ញាធរកម្ពុជា បានសង្កត់ធ្ងន់ថា ការរំលោភបំពានដោយអាវុធ និងសកម្មភាពឆ្លងដែនបែបនេះ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខជាតិ ហើយកម្ពុជា នៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងល្អ៕