2026-01-15 13:32
17

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងកាត់បន្ថយចំនួនបុគ្គលិកយោធារបស់ខ្លួននៅមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងប្រទេសកាតា នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាអំពីការចាត់វិធានការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជុំវិញការបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល នេះបើតាម BBC ។

មន្ត្រីអាមេរិកមួយរូបបានឱ្យដឹងថា ការដកបុគ្គលិកអាមេរិកចេញនេះ គឺជាវិធានការបង្ការមុន ដើម្បីធានាសុវត្ថិភាព។ រដ្ឋាភិបាលកាតា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា វិធានការដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត គឺជាការឆ្លើយតបទៅនឹង ភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង នៅពេលបច្ចុប្បន្ន។

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បានបញ្ជាក់ថា ក្រសួងការបរទេសអង់គ្លេស បានបិទស្ថានទូតអង់គ្លេសប្រចាំទីក្រុង តេអេរ៉ង់ ជាបណ្តោះអាសន្ន ហើយបច្ចុប្បន្ន ស្ថានទូតនឹងបន្តដំណើរការការងារពីចម្ងាយជំនួសវិញ។ 

ជាមួយគ្នានេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង ដូហា បានណែនាំឲ្យបុគ្គលិករបស់ខ្លួន បង្កើនការប្រុងប្រយ័ត្ន និងកំណត់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់មូលដ្ឋានទ័ពអាកាស Al-Udeid។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានប្រកាសផ្អាកជើងហោះហើរស្ទើរតែទាំងស្រុង និង ប្តូរផ្លូវជើងហោះហើរជុំវិញប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្ន ។

យោងតាម ក្រុមសិទ្ធិមនុស្ស ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាង 2,400 នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាបដោយហិង្សាថ្មីៗនេះ ដោយអាជ្ញាធរអ៊ីរ៉ង់។

ទាក់ទងនឹងការដកបុគ្គលិកយោធា នៅមូលដ្ឋានទ័ព អាជ្ញាធររដ្ឋាភិបាល កាតា បាននិយាយថា ខ្លួននឹងបន្ត អនុវត្តវិធានការចាំបាច់ទាំងអស់ ដើម្បី ការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ និងបុគ្គលិករបស់ខ្លួន ជាប្រយោជន៍ចម្បង រួមទាំងសកម្មភាព ទាក់ទងនឹង ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទីតាំងយោធា។ អ្នកនាំពាក្យ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលបញ្ជាក់ថា បុគ្គលិកចក្រភពអង់គ្លេស កំពុងត្រូវបានដកចេញ «ដោយសារតែសន្តិសុខប្រតិបត្តិការ»។

មូលដ្ឋានទ័ព Al-Udeid គឺជាមូលដ្ឋានទ័ពដ៏ធំបំផុតរបស់ សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា និងមានបុគ្គលិកប្រហែល 10,000 នាក់ មានមូលដ្ឋាននៅទីនោះ និងចក្រភពអង់គ្លេសប្រហែល 100 នាក់ ផងដែរ។ ទោះជាយ៉ាងណា វានៅតែមិនច្បាស់ថា មានបុគ្គលិកប៉ុន្មាននាក់នឹងចាកចេញពិតប្រាកដនោះទេ។

លោក Trump ធ្លាប់ព្រមានថា អាមេរិកអាចចាត់វិធានការយ៉ាងខ្លាំងប្រឆាំងអ៊ីរ៉ង់ ប្រសិនបើមានការសម្លាញ់ក្រុមបាតុករ ប៉ុន្តែអ៊ីរ៉ង់ ឆ្លើយតបមិនខ្លាចញញើតឡើយថា ប្រសិនបើត្រូវវាយប្រហារពួកគេនឹងសងសឹក៕​