ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរ នៃតុលាការរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក លី គួង អាយុ ៥០ឆ្នាំ ដែលមានងារជា «ឧកញ៉ា» ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរច្រើនករណី។
យោងតាមសេចក្តីសម្រេចរបស់តុលាការ ជនសង្ស័យត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច, បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់។ បទល្មើសទាំងនេះត្រូវបានសង្ស័យថាបានប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងៗ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
បទចោទប្រកាន់ខាងលើ មានបញ្ញត្តិផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក លី គួង ត្រូវបានសង្ស័យថា មានការជាប់ពាក់ព័ន្ធក្នុងការរកស៊ី និងការកាងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) នៅទីតាំងជាច្រើនកន្លែង ដែលមិនសូវសាធារណជនស្គាល់ ឬលឺឈ្មោះជាញឹកញាប់។
ជាពិសេស នៅតំបន់ព្រែកចាក ដែលមានការរត់គេចខ្លួនរបស់ក្រុមជនបរទេសយ៉ាងប្រសេចប្រសាច កាលពីយប់មុននេះ ប្រភពខ្លះអះអាងថា ករណីនោះក៏ត្រូវបានសង្ស័យថា មានការជាប់ពាក់ព័ន្ធពីខាងក្រោយរបស់ជននេះផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ច និងតុលាការ កំពុងបន្តស៊ើបអង្កេតយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ដែលអាចមានតួនាទីជួយកាង ឬសហការក្នុងបណ្តាញបទល្មើសនេះ ដើម្បីអនុវត្តច្បាប់ឲ្យបានតឹងរឹង និងយុត្តិធម៌៕





