2026-01-20 18:17
20

ព្យុងយ៉ាង៖ អ្នកដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដកតំណែងឧបនាយករដ្ឋមន្ត្រីម្នាក់ នៅកន្លែងភ្លាមៗ ពេលចុះត្រួតពិនិត្យរោងចក្រ Ryongsong Machine, ដោយសារតែការងាររបស់មន្រ្តីម្នាក់នេះ ធ្វើយឺតយ៉ាវ មិនបានបំពេញតាមកាលវិភាគ និងស្តង់ដារបច្ចេកទេសដែលកំណត់។

ការសម្រេចចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់របស់លោក គីម ជុងអ៊ុន ចំពោះប្រសិទ្ធភាពនៃការផលិត និងគុណភាពសំណង់។ លោកបានបញ្ជាក់ថា គ្មានការពន្យារពេល ឬកិច្ចខុសត្រូវណាដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍រោងចក្រ និងសមត្ថភាពផលិតកម្មទេ។ នេះតាមការចុះផ្សាយរបស់កាសែត KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។

សូមជម្រាបថា Ryongsong Machine គឺជារោងចក្រមួយសំខាន់ ដែលមានតួនាទីក្នុងការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គមនិយមរបស់កូរ៉េខាងជើង។ ការត្រួតពិនិត្យរបស់លោក គីម ជុងអ៊ុន និងការសម្រេចដកតំណែងលោក Yang Sung-ho ចេញពីឧបនាយករដ្ឋមន្ត្រីភ្លាមៗនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញពីទំនួលខុសត្រូវខ្ពស់ និងការទាមទារដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្រិតខ្ពស់៕