2026-02-02 09:44
24

ពោធិ៍សាត់៖ កំណត់ត្រារូបភាព «សត្វខ្លាត្រី - Prionailurus viverrinus» ដ៏កម្រមួយ ត្រូវបានថតបានតាមម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន ៤៦ សន្លឹក នៅពាក់កណ្តាលឆ្នាំ ២០២៥ ក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ គំហើញនេះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា ជាសញ្ញាវិជ្ជមានបង្ហាញពីសុខភាពអេកូឡូស៊ីកំពុងស្ដារឡើងវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរយៈពេលជាងមួយទស្សវត្ស។

លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកក្រុមអ្នកជំនាញអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពទាំងនេះជាភស្តុតាងច្បាស់ថាជាសត្វខ្លាត្រីពិតប្រាកដ។ លោកស្រីបន្ថែមថា កំណត់ត្រាប្រភេទសត្វនេះនៅអាស៊ីអាគ្នេយ៍មានតិចតួចខ្លាំង ហើយវត្តមាននៅកម្ពុជា ត្រូវបានបញ្ជាក់តិចបំផុត។ គំហើញនេះជាកំណត់ត្រាលើកទីពីរ ប៉ុណ្ណោះ សម្រាប់តំបន់ទន្លេសាបទាំងមូល។

សត្វខ្លាត្រី ជាប្រភេទសត្វក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះ ដោយមានចំនួនសរុបនៅពិភពលោកតិចជាង ១០,០០០ ក្បាល។ វាមានទំហំធំជាងឆ្មាស្រុកប្រមាណពីរដង ហែលទឹកបានល្អ និងមុជទឹកចាប់ត្រីជាចម្បង។ នៅកម្ពុជា កំណត់ត្រាបញ្ជាក់វត្តមានមានតិច និងងាយច្រឡំជាមួយឆ្មារដាវ។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសអង្គការអភិរក្សអន្តរជាតិ (CI) បានមានប្រសាសន៍ថា ការត្រឡប់មកវិញរបស់សត្វខ្លាត្រី ជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃការស្តារតំបន់ដីសើមដោយផ្អែកលើវិទ្យាសាស្ត្រ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូ។ “ការស្តារអេកូឡូស៊ីឡើងវិញ មិនត្រឹមជួយជីវចម្រុះទេ ប៉ុន្តែជួយជីវភាពសហគមន៍ និងបង្កើនភាពធន់នឹងអាកាសធាតុផងដែរ” លោកបានបញ្ជាក់។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា វត្តមានសត្វខ្លាត្រី គឺជាសូចនាករសំខាន់បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផល និងព្រៃលិចទឹករយៈពេលវែង។ ខណៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា គំហើញនេះបង្ហាញពីការរីកចម្រើនជីវចម្រុះ និងភាពត្រឹមត្រូវនៃគោលនយោបាយអភិរក្សបរិស្ថានរបស់កម្ពុជា។

គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ ២០១០ មក អង្គការ CI សហការជាមួយសហគមន៍នេសាទ ចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកជាង ១,០០០ ហិកតា ជុំវិញទន្លេសាប តាមរយៈការដាំដើមឈើ ការល្បាតការពារ ការបង្ការអគ្គីភ័យ និងគាំទ្រជីវភាពសហគមន៍។

អ្នកជំនាញអភិរក្សពន្យល់ថា សត្វខ្លាត្រី ត្រូវបានចាត់ទុកជាប្រភេទសត្វ “Indicator Species” មានន័យថា វាអាចរស់នៅបានតែបរិស្ថានដែលមានសុខភាពល្អ។ ដូច្នេះ វត្តមានរបស់វា បង្ហាញថា ប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកទន្លេសាប កំពុងស្ដារឡើងវិញយ៉ាងមានប្រសិទ្ធភាព។

គំហើញនេះ មិនត្រឹមជាជោគជ័យសម្រាប់ការអភិរក្សសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីអត្ថប្រយោជន៍ផ្ទាល់ដល់ជីវភាពប្រជាសហគមន៍ តាមរយៈការកើនឡើងធនធានត្រី ការរក្សាទឹក និងការទប់ទល់ការប្រែប្រួលអាកាសធាតុ។ 

ការត្រឡប់មកវិញរបស់សត្វខ្លាត្រី នៅទន្លេសាប គឺជាសញ្ញាថា ព្រៃលិចទឹកកម្ពុជា កំពុងរស់ឡើងវិញ និងជាក្តីសង្ឃឹមសម្រាប់អនាគតជីវចម្រុះនៅតំបន់នេះ៕