2026-02-07 13:19
5

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តសកម្មភាពជាបន្តបន្ទាប់ ដោយមិនឈប់ឈរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធី ប្រឆាំងនឹងការរំលោភបំពានពីសំណាក់ប្រទេសថៃ។

លោក ប៉ែន បូណា បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកុម្ភៈ ក្រុមសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីឱ្យភាគីអាស៊ានឃើញដោយផ្ទាល់អំពីសកម្មភាពរបស់យោធាថៃ។

សកម្មភាពនេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កម្ពុជា-ថៃ ចំនួន ០៣ លើកជាប់គ្នា ក្នុងរយៈពេលជាងមួយសប្តាហ៍។ កម្ពុជា បានបន្តធ្វើកំណត់ទូតតវ៉ា ប្រឆាំងនឹងការដាក់ទូរកុងតឺន័រ បន្លាលួស និងការរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋានរបស់ខ្លួន ព្រមទាំងបានតវ៉ាចំពោះការបំផ្លិចបំផ្លាញផ្ទះសម្បែង និងសកម្មភាពផ្សេងៗ ដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅតំបន់ជនស៊ីវិល និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង។

អ្នកនាំពាក្យបានថ្លែងទៀតថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីឆ្លើយតបចំពោះឆន្ទៈរបស់បារាំងក្នុងការផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ក្នុងករណីមានសំណើពីកម្ពុជា។ កម្ពុជាក៏បានស្នើឱ្យបារាំងពិចារណាផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំនាញពាក់ព័ន្ធ។

អ្នកនាំពាក្យបញ្ជាក់ថា ជំហាននេះបង្ហាញពីការប្រើប្រាស់យុទ្ធសាស្ត្រការទូត ដោយគោរពច្បាប់អន្តរជាតិ ដើម្បីការពារព្រំដែនដែលមានមូលដ្ឋានលើឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសដែលទទួលស្គាល់ជាយូរមកហើយ។

ក្នុងកម្រិតតំបន់ អាស៊ានបានដើរតួនាទីសម្របសម្រួលសកម្ម។ កាលពីឆ្នាំ២០២៥ ម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន បានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ពីរលើក និងសេចក្តីថ្លែងការណ៍រួមមួយ សម្រាប់សន្តិភាព។ បច្ចុប្បន្ន ហ្វីលីពីន ដែលជាប្រធានប្តូរវេនឆ្នាំ២០២៦ កំពុងបន្តការងារនេះ និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយភាគីថៃ រួមទាំងសេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ តុលា ២០២៥ និងសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ធ្នូ ២០២៥។

កម្ពុជាអះអាងជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ Uti Possidetis Juris និងឯកសារពាក់ព័ន្ធពីសម័យអាណាព្យាបាល។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕