2026-02-18 09:58
27

វ៉ាស៊ីនតោន៖ មិនបណ្ដោយឲ្យពេលវេលាកន្លងហួសទៅអាសាបង់នោះទេ ក្នុងដំណើរឆ្ពោះទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់ លោក Trump នៅសប្តាហ៍នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់សារព័ត៌មានអន្តរជាតិរ៉យទ័រ ដោយបកអាក្រាតវាំងនងខ្មៅងងឹតនៅពីក្រោយការឈ្លានពានរបស់យោធាថៃលើទឹដីកម្ពុជានៅថ្ងៃអង្គារ ទី១៧ កម្ភៈថា កងកម្លាំងថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព សម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។

តាមការចេញផ្សាយដោយ Reuter នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះបានឲ្យដឹងថា ខណៈដែល សម្ដេច ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់ លោក Trump សម្ដេចបានអំពាវនាវឲ្យស្ថាប័នថ្មីនេះ អាចដើរតួនាទីក្នុងការបន្ថយស្ថានការណ៍នៅតាមព្រំដែនកម្ពុជ-ថៃ ដែលពោរពេញដោយភាពផុយស្រួយ ទោះបីជាបទឈប់បាញ់បានចូលជាធរមានរួចហើយក៏ដោយ។ 

នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា "យើងនៅតែមានកងកម្លាំងថៃចូលជ្រៅក្នុងទឹកដីកម្ពុជាក្នុងផ្នែកជាច្រើន។ 

នេះលើសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ..."។ សម្ដេចបន្ថែមថា ទាហានថៃបានដាក់កុងតឺន័រដឹកជញ្ជូន និងលួសបន្លា ដែលជាទឹកដីកម្ពុជាតាំងពីយូរយារណាស់មកហើយ ហើយប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការបញ្ជាក់ពីការពិតនៅលើមូលដ្ឋាន»។ យ៉ាងណាមិញ បើទោះបីជាការពិតត្រូវបានលាតត្រដាងមុខមាត់ខ្មៅកខ្វក់យ៉ាងណាក៏ដោយ តែប្រទេសថៃនៅតែអះអាងថា ខ្លួនស្អាតស្អំ និងកំពុងរក្សាទីតាំងកងទ័ពជាផ្នែកនៃវិធានការកាត់បន្ថយភាពតានតឹង ហើយបានបដិសេធថាខ្លួនមិនបានកាន់កាប់ទឹកដីកម្ពុជានោះទេ។ តាមរបាយការណ៍ពី Reuter ដដែលបានបង្ហាញថា តាមរយៈការអត្ថាធិប្បាយរបស់មេដឹកនាំកម្ពុជា បានគូសបញ្ជាក់ពីហានិភ័យដែលជម្លោះអាចនឹងកើតឡើងម្តងទៀត បើទោះបីជា លោក Trump ធ្លាប់បន្តជំរុញឲ្យមានភាពជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

គួរបញ្ជាក់ឲ្យដឹងថា សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់ជានិស្សិតបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point ដែលអមដោយការជាប់ពាក់ព័ន្ធរបស់លោក Trump ក្នុងការជួយសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ជាបន្តបន្ទាប់ផងនោះ បាននាំឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ កាន់តែមានភាពស្និទ្ធស្នាលនិងកក់ក្ដៅជាងមុនមួយកម្រិត។  

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ពីភាពអព្យាក្រិតរបស់កម្ពុជានិងបានបង្ហាញពិភពលោកឲ្យដឹងថា ទំនាក់ទំនងរវាងកម្ពុជា ជាមួយប្រទេសចិននិងសហរដ្ឋអាមេរិក មិនលំអៀងទៅមហាអំណាចណាមួយឡើយ មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថា កម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសណាមួយ លើមូលដ្ឋានទ័ពជើងទឹករាមនោះទេ៕