សង្គ្រាមឈានចូលជិត៣សប្ដាហ៍ទៅហើយ អ៊ីរ៉ង់ទើបដាច់ចិត្តដាក់ពង្រាយអាវុធរបស់ខ្លួនប្រមាណ ៤.៣០០ដើម នៅមូលដ្ឋានរបស់អាមេរិក និងអ៊ីស្រាអែល។
បើកទំព័រថ្មីនៅថ្ងៃទី១៦ មីនានេះ អ៊ីរ៉ង់ អ៊ីស្រាអែល និងអាមេរិក កំពុងយកមុខទល់មុខ ធ្មេញទល់ធ្មេញ អាវុធទល់អាវុធ ខណៈទីក្រុងតេអេរ៉ង់និយាយថា ខ្លួនបានបាញ់បង្ហោះអាវុធប្រមាណ ៤.៣០០ដើម នៅឯមូលដ្ឋានរបស់អាមេរិក និងអ៊ីស្រាអែល ស្របពេលដែលទីក្រុង Tel Aviv បានវាយបកវិញថា ខ្លួនមាន "គោលដៅរាប់ពាន់ទៀត" ដើម្បីវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ដូចគ្នា។
អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី១៥ ខែមីនាថា ពួកគេបានដាក់ពង្រាយកាំជ្រួចប្រមាណ៧០០ដើម និងយន្តហោះគ្មានមនុស្សបើកចំនួន ៣៦០០គ្រឿង ដើម្បីវាយប្រហារលើគោលដៅដែលភ្ជាប់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ស្របគ្នានេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានប្រកាសក្ដែងៗនៅថ្ងៃតែមួយដែរថា ពួកគេកំពុងបន្តយុទ្ធនាការសំដៅលើ "មីស៊ីលផ្លោង និងកងកម្លាំងការពារដែនអាកាស" នៅភាគកណ្តាល និងភាគខាងលិចប្រទេសអ៊ីរ៉ង់ ដោយអះអាងថា បានវាយប្រហារគោលដៅជាង ២០០ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
ក្នុងចំណោមគោលដៅទាំងនោះរួមមាន មជ្ឈមណ្ឌលបញ្ជា ប្រព័ន្ធការពារ កន្លែងផ្ទុកអាវុធ និងកន្លែងផលិតអាវុធរបស់អ៊ីរ៉ង់។ ទន្ទឹមនឹងនេះ តាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃដដែលនោះថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបានបំផ្លាញរចនាសម្ព័ន្ធជនស៊ីវិលជាង 54,000 រួមទាំងសម្ភារៈពេទ្យរាប់រយទៀតផងដែរ។ រីឯបុគ្គលិកពេទ្យ១៦នាក់បានស្លាប់ និង៩៦នាក់រងរបួសក្នុងការវាយប្រហារនេះ។
អ៊ីរ៉ង់ប្រកាសអួតក្នុងការបញ្ចេញអាវុធរបស់ខ្លួនរាប់រយដើម ឯអ៊ីស្រាអែលអួតថា ខ្លួនបានវាយប្រហារគោលដៅរាប់រយរបស់អ៊ីរ៉ង់វិញ។
តាមរយៈការប្រកាសតម្លើងចង្កូមរៀងខ្លួនរវាងប្រទេសទាំងពីរនេះ ទំនងជាសារដាស់តឿនគ្នាទៅវិញទៅមកថា បើអ្នកបញ្ចេញអាវុធ យើងនឹងវាយប្រហារថែម ខណៈភាគីម្ខាងទៀតហាក់បង្ហាញថា បើអ្នកនៅតែបន្តគាបសង្កត់ យើងនឹងបញ្ចេញអាវុធទំនើបជាច្រើនទៀតដែលអ្នកមិនធ្លាប់ឃើញ និងមិនធ្លាប់ដឹង។
ទោះយ៉ាងនេះក៏ដោយ តាមអ្នកជំនាញបានព្រមានថា ក្នុងការវាយប្រហារដំបូង អ៊ីរ៉ង់ទំនងជាប្រើតែកាំជ្រួចផ្លោងចាស់ៗប៉ុណ្ណោះ ក្នុងគោលបំណងចង់ជ្រលសត្រូវឲ្យពង្រីកការការពារដែនអាកាសរបស់ខ្លួន រួមទាំងបង្ខំឱ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ ចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីជាការឆ្លើយតប។
ហើយបន្ទាប់មកសព្វាវុធទំនើបៗបន្ថែមទៀតរបស់អ៊ីរ៉ង់ អាចនឹងត្រូវដាក់ពង្រាយភ្លាមៗ នៅពេលដែលអាមេរិក និងអ៊ីស្រាអែល មានចន្លោះប្រហោងណាមួយលេចចេញជារូបរាងឡើង ជាពិសេសក្នុងការការពារសម្ព័ន្ធមិត្តរបស់ពួកគេ។
យោងតាមកិច្ចប្រជុំបិទទ្វាររវាងមន្ត្រីការពារជាតិអាមេរិក និងសភាកាលពីសប្តាហ៍មុន អ៊ីរ៉ង់អាចនៅតែមានរហូតដល់ 50%នៃឃ្លាំងផ្ទុកកាំជ្រួច និងកាំជ្រួចជាច្រើនទៀតដែលកំពុងលាក់នៅក្នុងលេណដ្ឋានក្រោមដីរបស់ពួកគេ៕




