2026-03-21 10:45
4

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញសារព្រមាន ចំពោះសកម្មភាពបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយ ដោយប្រើឈ្មោះ និងរូបថតរបស់សម្តេច ដើម្បីបង្ហោះព័ត៌មានមិនពិត និងបំភាន់សាធារណៈ។ 

ក្នុងសារដែលបានផ្សព្វផ្សាយលើបណ្ដាញ Facebook សម្តេចតេជោ បានលើកឡើងថា ក្រុម «ក្បត់ជាតិ» នៅតែបន្តប្រើវិធីភូតកុហក ដើម្បីបោកប្រាស់ប្រជាជន ដោយបង្កើតផេកហ្វេសប៊ុកក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់។ 

សម្តេចតេជោបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មានការប្រុងប្រយ័ត្នខ្ពស់ កុំជឿ ឬចូលរួមជាមួយគណនីដែលមិនមានប្រភពច្បាស់លាស់។ ពិសេស សូមកុំចាញ់បោកចំពោះព័ត៌មាន ឬសារ ដែលមានគោលបំណងបំភាន់ និងបង្កភាពចលាចលក្នុងសង្គម។ 

ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ថា គណនី Facebook ផ្លូវការរបស់លោក មានតែមួយគត់ និងមានអ្នកតាមដាន ជាង ១៥ លាននាក់ ហើយបានភ្ជាប់ជាមួយសារនេះ ដើម្បីឱ្យសាធារណជនអាចសម្គាល់បានយ៉ាងច្បាស់។ 

អាជ្ញាធរ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវបានណែនាំឱ្យរាយការណ៍គណនីក្លែងក្លាយ ដើម្បីទប់ស្កាត់សកម្មភាពបោកប្រាស់ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សង្គម និងសុវត្ថិភាពសាធារណៈ៕