2026-03-21 12:27
8

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី20 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិក Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា ចម្ងាយ ៤.០០០ គីឡូម៉ែត្រពីទឹកដីខ្លួន។ 

នេះជាលើកទីមួយហើយដែលទីក្រុងតេអេរ៉ង់ប៉ុនប៉ងពង្រីកជួរវាយប្រហាររបស់ខ្លួនហួសពីមជ្ឈិមបូព៌ា ហើយវាជាសញ្ញាគំរាមកំហែងដល់ផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងមហាសមុទ្រឥណ្ឌាយ៉ាងខ្លាំង។

មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ផ្លោងឆ្ពោះទៅមូលដ្ឋានទ័ពអាមេរិកនោះ មីស៊ីលគ្រាប់ទី១ បានដំណើរការខុសប្រក្រតីអំឡុងពេលហោះបានពាក់កណ្តាលទី រួចក៏ធ្លាក់ចូលទៅក្នុងសមុទ្រ។ ចំណែកមួយគ្រាប់ទៀត ត្រូវបានស្ទាក់ចាប់ដោយនាវាចម្បាំងអាមេរិកដោយប្រើកាំជ្រួច SM-3 ។ 

ប៉ុន្តែតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បែរជាមិនបានចេញការបញ្ជាក់ណាមួយ ពាក់ព័ន្ធនឹងការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ដែលហោះសំដៅទៅលើមូលដ្ឋាន Diego Garcia ទៅវិញ។

មូលដ្ឋាន Diego Garcia មានទីតាំងនៅលើកោះដាច់ស្រយាលមួយក្នុងដែនដីមហាសមុទ្រឥណ្ឌាអង់គ្លេស ដែលមានចម្ងាយប្រហែល ៤០០០ គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។ វាជាមូលដ្ឋានយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិកដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 នាវាមុជទឹកនុយក្លេអ៊ែរ និងនាវាពិឃាតមីស៊ីលនាំផ្លូវ។ 

នេះអាចជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ីរ៉ង់ជាលើកដំបូងហើយ ចាប់តាំងពីជម្លោះជាមួយអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃទី28 ខែកុម្ភៈ ហើយក៏ជាលើកទីមួយដែរ ដែលទីក្រុងតេអេរ៉ង់បានកំណត់គោលដៅលើមូលដ្ឋាន Diego Garcia របស់អាមេរិក។

តាមអង្គការស្រាវជ្រាវជាច្រើន បានផ្តល់ការវាយតម្លៃផ្សេងៗគ្នាអំពីសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់។ ប៉ុន្តែការយល់ស្របជាអន្តរជាតិបានលើកឡើងស្រដៀងគ្នាថា ឃ្លាំងអាវុធមីស៊ីលរបស់អ៊ីរ៉ង់ជាចម្បង មានមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលមានចម្ងាយប្រហែល 1,000 គីឡូម៉ែត្រ និងមីស៊ីលរយៈចម្ងាយមធ្យមមានចម្ងាយរហូតដល់ 3,000 គីឡូម៉ែត្រ។ 

តាម Iran Watch ដែលជាគេហទំព័រពាក់ព័ន្ធជាមួយគម្រោង Wisconsin ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ទីក្រុងតេអេរ៉ង់មានអាវុធមីស៊ីលជាយូរមកហើយ ដែលសមត្ថភាពរបស់វាអាចបាញ់បានចម្ងាយដល់ទៅ 4,000 គីឡូម៉ែត្រឯណោះ។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ធ្លាប់បានអះអាងកាលពីមុនថា ប្រទេសរបស់លោកមានចេតនាកំណត់រយៈចម្ងាយមីស៊ីលរបស់ខ្លួនត្រឹមតែ 2,000 គីឡូម៉ែត្រប៉ុណ្ណោះជាចម្បងសម្រាប់ការការពារខ្លួន។ 

ប៉ុន្តែតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ អាល់ម៉ា របស់អ៊ីស្រាអែល បែរជាប៉ាន់ប្រមាណថា ជួរអតិបរិមានៃឃ្លាំងអាវុធរបស់អ៊ីរ៉ង់ អាចមានចម្ងាយ 3,000 គីឡូម៉ែត្រ ហើយពួកគេទទួលស្គាល់ព័ត៌មានដែលបានបង្ហាញថា អ៊ីរ៉ង់ពិតជាកំពុងអភិវឌ្ឍអាវុធ ដែលមានរយៈចម្ងាយឆ្ងាយជាងនេះប្រាកដមែន៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា