តាមរយៈការធ្វើសេចក្តីថ្លែងការណ៍ផ្ទុយគ្នាជាបន្តបន្ទាប់របស់ លោក Trump ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើឲ្យពិភពលោកមិនអាចទាយទុកមុនថា តើអាមេរិកចង់បញ្ចប់ជម្លោះនេះក្នុងពេលណាឲ្យពិតប្រាកដ។ គ្រប់គ្នាកំពុងបង្ហាញពីមន្ទិលយ៉ាងច្រើន ជុំវិញការលើកឡើងមិនជាក់លាក់របស់ប្រធានាធិបតីអាមេរិក ដោយមិនដឹងថា ប្រធានាធិបតីរូបនេះ ចង់បានអ្វីឲ្យប្រាកដក្នុងការវាយប្រហារលើអ៊ីរ៉ង់នោះទេ។
ជាទឡ្ហីករណ៍ជាក់ស្ដែង វិលទៅរកការចាប់ផ្ដើមសង្គ្រាមដំបូងនៅអ៊ីរ៉ង់ កាលពីថ្ងៃទី28 ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ លោក Donald Trump បាននិយាយថា គោលដៅនៃការវាយប្រហារនេះគឺ គ្រាន់តែដើម្បីបំផ្លាញទីតាំងបាញ់មីស៊ីល និងធ្វើឱ្យកន្លែងផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់រាបដល់ដីប៉ុណ្ណោះ។
មួយសប្តាហ៍ក្រោយមក បន្ទាប់ពីអាមេរិកបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ នៅថ្ងៃទី6 ខែមីនា លោក Trump បានទាមទារឱ្យទីក្រុងតេអេរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" ។ សេចក្តីថ្លែងការណ៍នេះ បានកើតឡើងស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់បានប្រកាសអំពីមេដឹកនាំកំពូលថ្មីរបស់ខ្លួននៅឡើយ រីឯសេតវិមានវិញថែមទាំងបានប្រកាសថា អាមេរិកនឹងមានចំណែករើសមេដឹកនាំថ្មីឲ្យកាន់តំណែងបន្តពី លោក Ali Khamenei។
នៅថ្ងៃបន្ទាប់ ក្នុងបទសម្ភាសន៍ជាមួយ CBS News លោក Trump បែរជាអនុម័តខ្លួនឯងថា អ៊ីរ៉ង់បានចុះចាញ់អាមេរិកហើយ។
ទាំងដែលទីក្រុងតេអេរ៉ង់មិនបានបង្ហាញទង់សជាសញ្ញាសូមចុះចាញ់នោះទេ។ នៅថ្ងៃទី៨ ខែមីនា អ្វីៗខុសពីការគ្រោងទុកនិងការលើកឡើងរបស់ លោក ត្រាំ ទាំងអស់ អ៊ីរ៉ង់មិនត្រឹមតែមិនផ្ដល់អាទិភាពឲ្យអាមេរិកលូកដៃចូលរើសមេដឹកនាំថ្មីរបស់ខ្លួននោះទេ តែប្រទេសនេះបានប្រកាសថា លោក Mojtaba Khamenei កូនប្រុសរបស់លោក Ali Khamenei នឹងក្លាយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់នឹងសងសឹកដល់ទីបញ្ចប់ជាមួយអាមេរិក។ ពេញមួយសប្តាហ៍នៃសង្គ្រាម គេសង្កេតឃើញថា លោក Trump ហាក់និយាយផ្ទុយពីអ្វីដែលបានកើតឡើងផ្ទាល់នៅអ៊ីរ៉ង់។
លើសពីនេះ ក្រឡេកមើលពីការកំណត់ពេលបញ្ចប់សង្គ្រាមវិញ ដំបូងឡើយ នៅថ្ងៃទី២ ខែមីនា លោក ត្រាំ បានប្រាប់ CNN ថា សង្គ្រាមនៅអ៊ីរ៉ង់ចំណាយពេលតែ៤សប្ដាហ៍ប៉ុណ្ណោះ ព្រោះគាត់ក៏មិនចង់អូសបន្លាយវាយូរពេកដែរ។
តាមកាលវិភាគ ប្រសិនដូចអ្វីដែល លោក ត្រាំ អះអាងខាងលើ នោះប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកគួរតែបញ្ចប់នៅប្រហែលសប្តាហ៍ដំបូងនៃខែមេសា។
ប៉ុន្តែក្រោយមក លោក Trump កាន់តែមានភាពប្រាកដប្រជាតិចតួចទៅវិញអំពីការកំណត់ពេលវេលា ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរាល់ដាលខ្លាំង និងបង្កើនវិបត្តិសកលធ្ងន់ធ្ងរ។
នៅថ្ងៃទី16 ខែមីនា អំឡុងពេលដែលសារព័ត៌មាន PBS News បានសួរថាតើពេលណាសង្រ្គាមនឹងបញ្ចប់? លោក Trump គ្រាន់តែឆ្លើយថា វានឹងមិនយូរទៀតទេ ហើយលោកក៏នឹងមិនផ្តល់ពេលវេលាជាក់លាក់នោះដែរ។
យោងតាមអ្នកសង្កេតការណ៍ ការអត្ថាធិប្បាយមិនស៊ីសង្វាក់គ្នារបស់ លោក Trump កំពុងធ្វើឲ្យសង្គ្រាមនៅអ៊ីរ៉ង់កាន់តែមិនអាចទាយទុកជាមុនបាន។
ជាក់ស្ដែងដូចថ្មីៗនេះ នៅល្ងាចថ្ងៃទី21 ខែមីនា ប្រធានាធិបតីអាមេរិកបានប្រកាសទុកឱសានវាទឲ្យអ៊ីរ៉ង់ ៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះអាមេរិកនឹងវាយប្រហារទ្រង់ទ្រាយធំលើរោងចក្រថាមពលអ៊ីរ៉ង់។
ប៉ុន្តែប៉ុន្មានម៉ោងមុនឱសានវាទផុតកំណត់ លោក Trump បែរជាប្ដូរចិត្ត និងនិយាយថា អ៊ីរ៉ង់នឹងមានការចរចាដើម្បីបញ្ចប់ជម្លោះទៅវិញ។
រីឯមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ឯណេះបានអះអាងថា ពួកគេមិនមានការពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិកទេ ទោះដោយផ្ទាល់ ឬប្រយោលក៏ដោយ។ ចំណែក លោក Trump នៅតែបញ្ជាក់ថា បេសកជនរបស់គាត់កំពុងពិភាក្សាជាមួយ "មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់" តែរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នៅក្នុងទីក្រុង Tehran បញ្ជាក់ពីរឿងចរចារនេះទេ។
តើការបកស្រាយមិនស៊ីសង្វាក់គ្នារបស់ លោក ត្រាំ ចំពោះអ៊ីរ៉ង់ជាយុទ្ធសាស្រ្តសង្គ្រាម ឬប្រធានាធិបតីរូបនេះមិនទាន់រកច្រកចេញដើម្បីសង្កត់កអ៊ីរ៉ង់ឲ្យចុះចាញ់បាន?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





