2026-03-30 16:32
15

នេះហើយជាឥទ្ធិពលរបស់អាមេរិក ដែលមានរហ័ស្សនាមថា “មហាអំណាចទី១របស់ពិភពលោក”។ ស្ងាត់ៗទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញនាវាមុជទឹកដែលមានសមត្ថភាពពហុមុខងារ បង្អួតរាងយ៉ាងសង្ហារឲ្យពិភពលោកទស្សនា។

តាមការដកស្រង់ប្រភពពី US Navy និង Boston Globe បានបង្ហាញថា អាមេរិកបានបង្កើតនាវាមុជទឹកនុយក្លេអ៊ែរដ៏ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា USS Massachusetts។ 

វាគឺជានាវាវាយប្រហារដ៏ទំនើបរបស់អាមេរិក ស្ថិតក្នុងជំនាន់ Virginia-class submarine ដែលមានតម្លៃប្រហែល 2,8 ពាន់លានដុល្លារ។ វាមានទម្ងន់ប្រហែល 7.800 តោន ប្រវែង 115 ម៉ែត្រ ទទឹង10 ម៉ែត្រ អាចមុជបានជ្រៅលើសពី 240 ម៉ែត្រ និងមាននាវិកប្រហែល 150 នាក់។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមនាវិកទាំងនោះមាន ២៥ភាគរយជាស្រ្តី ដែលមានចំនួន៣៩នាក់។

នាវានេះដំណើរការដោយថាមពលនុយក្លេអ៊ែរ ដែលអនុញ្ញាតឲ្យវាធ្វើដំណើរនិងមុជទឹកបានយូរខ្លាំង ដោយមិនចាំបាច់ឡើងលើផ្ទៃទឹកញឹកញាប់នោះទេ ហើយអាចរក្សាល្បឿនលឿននិងបានរយៈពេលវែងទៀតផង។

លក្ខណៈពិសេសរបស់ USS Massachusetts  វាអាចផ្ទុកអាវុធសំខាន់ៗរួមមាន៖ មីស៊ីល Tomahawk ដែលអាចវាយប្រហារចម្ងាយ 1.600–2.500 គីឡូម៉ែត្រ និងមីស៊ីលក្រោមទឹកត័រពីដូ Mark 48 ដែលអាវុធនេះមានមានអំណាចខ្លាំង ក្នុងការបាញ់បំបែកនាវាមុជទឹករបស់សត្រូវបានយ៉ាងផុយស្រួយ។ 

លើសពីនេះ USS Massachusetts  មានអត្ថប្រយោជន៍ជាច្រើនដល់នាវិកអាមេរិកៗ ដូចជា វាអាចលាក់ខ្លួនបានល្អ និងធ្វើប្រតិបត្តិការបានយូរ ពិសេសក្នុងការបំពេញភារកិច្ចបានច្រើនមុខដូចជា វាយប្រហារ ប្រមូលព័ត៌មាន និងដាក់កងកម្លាំងពិសេស។ 

ទន្ទឹមនឹងគុណសម្បត្តិ នាវាមុជទឹកនេះក៏មានគុណវិបត្តិខ្លះៗផងដែរដូចជា វាមានតម្លៃខ្ពស់ពេក រចនាសម្ព័ន្ធស្មុគស្មាញ និងអាចមានសំឡេងខ្លាំងអំឡុងពេលដំណើរការល្បឿនទាប។

ក្រឡេកមើលកន្លែងគេងក្នុងនាវាមុជទឹក USS Massachusetts  វិញម្ដង ដោយហេតុថា ក្នុងនាវាមានកន្លែងតូច ដូច្នេះគ្រែគេងរបស់នាវិកទាំងអស់ត្រូវរៀបចំជិតតំបន់ប្រយុទ្ធ ដើម្បីសន្សំកន្លែង។ 

ងាកមើលពីតុមួយដែលតាំងក្នុងបន្ទប់សម្រាករបស់មន្ត្រីអាមេរិកវិញ វាជាកន្លែងសម្រាប់ញុំា អង្គុយសម្រាក ឬពិភាក្សាការងារ ប៉ុន្តែតុក្នុងបន្ទប់នេះ អាចប្រើជាតុវះកាត់បាន ប្រសិនបើមានស្ថានការណ៍បន្ទាន់ណាមួយកើតឡើង។ និយាយឲ្យងាយយល់គឺ ភាពវៃឆ្លាតរបស់អាមរិកកែច្នៃពីបន្ទប់ធម្មតា អាចបម្លែងទៅជាកន្លែងពេទ្យបានមួយរំពេចពេលសភាពការណ៍ចាំបាច់។

ទាំងនេះជាឥទ្ធិពលដ៏ខ្លាំងក្លារបស់នាវាមុជទឹក USS Massachusetts  ដែលវាត្រូវបានចាត់ទុកថាជាអាវុធយោធាសមុទ្រដ៏ទំនើប និងសំខាន់បំផុត ដែលជួយអាមេរិករក្សាអំណាចលើសមុទ្រ និងសមត្ថភាពវាយប្រហារក្រោមទឹកពីចម្ងាយយ៉ាងមានប្រសិទ្ធភាពខ្ពស់៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា