2026-04-25 16:17
4

រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោក Kestutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី នៅទីស្នាក់ការអាជ្ញាធរមីន។ 

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ទផលសម្រេចបានរបស់កម្ពុជាលើវិស័យសកម្មភាពមីន ជាង ៣០ ឆ្នាំ និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។ 

ជាមួយគ្នានោះ លោក លី ធុជ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ សម្ភារៈរាវរកគ្រាប់មីន ត្រូវតែទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងស្របទៅនឹងការវិវត្តជាក់ស្តែងនៃបច្ចេកវិទ្យាថ្មីៗ ហើយប្រទេសកម្ពុជា ត្រូវបានប្រើជាកន្លែងសាកល្បងបច្ចេកវិទ្យាសម្រាប់រាវរកគ្រាប់មីននេះ។ 

ទន្ទឺមនឹងនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ប្រទេសលីទុយអានី អាចពិចារណាយកសម្ភារៈរាវរកគ្រាប់មីន និងគ្រឿងចក្រកម្ទេចគ្រាប់មីនថ្មីដែលខ្លួនបានបង្កើត មកធ្វើតេស្តសាកល្បងបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ផងដែរ។ 

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការងារសកម្មភាពមីនសកល ជាពិសេសការចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីនដល់ប្រទេសអ៊ុយក្រែន ក៏ដូចជាចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីនទៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជុំវិញពិភពលោក។ 

ក្នុងជំនួបទ្វេភាគីនេះផងដែរ ភាគីទាំងពីរ កម្ពុជា-លីទុយអានី បានឯកភាពគ្នា និងធ្វើការសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមលើវិស័យសកម្មភាពមីន៕