សញ្ញាអវិជ្ជមាន លេចអណ្ដែតឡើងយ៉ាងបើកចំហរ ប្រកាសឲ្យពិភពលោកដឹងថា សង្គ្រាមធំ និងវិបត្តិសេដ្ឋកិច្ជពិភពលោក កើតឡើងជៀសមិនផុត ហើយក៏គ្មានភ្លើងខៀវបញ្ជាក់ពីភាពធូរស្រាលដូចគ្នា។
កាលពីថ្ងៃទី២៤ ខែមេសា កងទ័ពអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធ Hezbollah បានផ្ទុះអាវុធសារជាថ្មីយ៉ាងខ្លាំងក្លានៅក្នុងប្រទេសលីបង់ បើទោះបីជាភាគីទាំងពីរនេះមានកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងបន្តរយៈពេលបីសប្តាហ៍ទៀតនៅក្នុងដៃរៀងៗខ្លួនក៏ដោយ។
សំឡេងស្នូរកាំភ្លើង អង្រួនលីបង់មួយរំពេច កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសដោយបើកចំហរថា ពួកគេបានបំផ្លាញគ្រាប់រ៉ុក្កែតរបស់ក្រុម Hezbollah នៅទីក្រុង Yater និង Kafra ភាគខាងត្បូងលីបង់ ដោយសារតែក្រុមនេះ ព្រហើនបង្ករការគំរាមកំហែងដល់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល។
កម្លាំងអ៊ីស្រាអែលក៏បានអះអាងដែរថា ពួកគេបានសម្លាប់សមាជិក Hezbollah ប្រាំមួយនាក់ ជាថ្នូរកុំឲ្យ Hezbollah ធ្វើអីតាមតែអំពើចិត្តពេក។
នៅថ្ងៃដដែលនោះ ក្រុមហេសបូឡាហ៍ ក៏បានបើកការវាយប្រហារលើរថពាសដែករបស់អ៊ីស្រាអែលវិញ ទុកជាការសងសឹក ដែលសកម្មភាពកម្លាំងបាយរវាងភាគីទាំងពីរនេះ កំពុងរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាទាំងស្រុង។
ពេលនេះ អ្វីដែលពិភពលោកកំពុងអ៊ុតមើលនោះ តើសង្គ្រាមធំនៅមជ្ឈិមបូព៌ាពិតជាគ្មានទឹកពន្លត់បានមែនឬយ៉ាងណា ខណៈ អ៊ីស្រាអែល- Hezbollah រំលោកភបទឈប់បាញ់ហើយ រីឯបងធំអាមេរិកវិញក៏មិនឃើញបញ្ជូនគណៈប្រតិភូ ដើម្បីជួបជាមួយអ៊ីរ៉ងចរចារដូចគ្នា?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





