លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះ ការគ្របដណ្តប់នៃគោលដៅ ក្របខ័ណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកសាស្រ្តាចារ្យ បានសំដែងនូវជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ គឺជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ទូទាំងប្រទេសរួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានឱ្យបានស្អាត នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរនិងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការនានា ដើម្បីសម្រេចបាននូវ «ភាពស្អាត» ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ លោករដ្ឋមន្ត្រីបានចាត់ទុកថាកិច្ចសហការគ្នានៅពេលនេះ នឹងចូលរួមគាំទ្របន្ថែមទៀតដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកម្ពុជាដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង គ្មានការបំពុល ក៏ដូចជាចូលរួមចំណែក ក្នុងការការពារសុខភាព របស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រោយការអនុវត្តយុទ្ធសាស្រ្តចក្រាជាង ២ឆ្នាំកន្លងមកនេះ ការនាំចូលផលិតផលប្លាស្ទិកបានធ្លាក់ចុះប្រមាណ ៨៥%។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន សំណូមពរឱ្យមានការបន្តចូលរួម បន្ថែមទៀតយ៉ាងសកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងធ្វើការទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់សាធារណៈ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការនានផ្សេងទៀតដែលបានដាក់ចេញ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាន។
«ការពង្រឹងកិច្ចសហប្រិបត្តិការរបស់ក្រសួងទាំង២នៅពេលនេះ នឹងធ្វើឱ្យសហគមន៍ តាមផ្ទះ និងតាមមន្ទីរពេទ្យ មានការផ្លាស់ប្តូរឥរិយាបថ និងការគ្រប់គ្រងសំណល់កាន់តែប្រសើខណៈបេលដែលក្រសួងកំពុង បន្តអនុវត្តយុទ្ធនាការនានា ដើម្បីបានកំពុងអនុវត្ត បន្តសម្អាតសំរាម ប្លាស្ទិកតាមដងផ្លូវ ចែកធុងសំរាម ឡានដឹកសំរាម ម៉ូតូរឺម៉កដឹកសំរាម ចែកឡដុតសំរាម ព្រមទាំងចាត់វិធានការនានាបន្ថែមទៀត»។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួបរិស្ថាន បានថ្លែងបន្ថែម។
សូមបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាមចំនួន ៥០០០ ធុង ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តទូទាំងប្រទេសផងដែរ៕











