2026-05-04 12:04
6

យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម លើនាវាទេសចរណ៍ប្រណីតមួយនៅមហាសមុទ្រអាត្លង់ទិក ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ។

WHO បានបញ្ជាក់ថា មូលហេតុនៃការស្លាប់ពាក់ព័ន្ធនឹងមេរោគ Hantavirus ដែលជាជំងឺធម្មតាឆ្លងពីប្រភេទសត្វកកេរទៅមនុស្ស។ រហូតមកដល់ពេលនេះមានមួយករណីត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ និងមាន៥ ករណីបន្ថែមទៀតក្នុងភាពសង្ស័យ ។

ក្នុងចំណោមអ្នករងផលប៉ះពាល់សរុប ៦ នាក់ មាន ៣ នាក់បានស្លាប់ ខណៈម្នាក់ទៀតកំពុងទទួលការថែទាំយ៉ាងយកចិត្តទុកដាក់នៅប្រទេសអាហ្វ្រិកខាងត្បូង។

នាវាទេសចរណ៍ដែលផ្ទុះជំងឺឈ្មោះ MV Hondius នាវានេះកំពុងធ្វើដំណើរពី ប្រទេសអាហ្សង់ទីន ទៅកាន់កាប់វែរ លើនាវានេះអាចផ្ទុកអ្នកដំណើរប្រហែល ១៧០ នាក់ និងនាវិកប្រមាណ ៧០ នាក់ ។

អ្នកជំងឺដែលឆ្លងមេរោគនេះមុនគេ គឺបុរសវ័យចំណាស់អាយុ ៧០ ឆ្នាំ  បានស្លាប់លើនាវាបន្ទាំប់ពីបង្ហាញរោគសញ្ញា ពេលនេះសាកសពរបស់គាត់ស្ថិតនៅលើកោះ Saint Helena ចំណែកភរិយារបស់គាត់ អាយុ ៦៩ ឆ្នាំ ក៏បានឆ្លងជំងឺដូចគ្នា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុង Johannesburg ប៉ុន្តែក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះទីបី ជាជនជាតិអង់គ្លេស អាយុ ៦៩ ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មេរោគ Hantavirus ជាទូទៅឆ្លងតាមរយៈការប៉ះពាល់ជាមួយប្រភេទសត្វកកេរដែលផ្ទុកមេរោគ៖ តាមរយៈទឹកនោម លាមក ការខាំ ឬធូលីដែលមានមេរោគ។ វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅហូរឈាម។

WHO បានបញ្ជាក់ថា មេរោគនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺកម្រណាស់ ប៉ុន្តែមិនមែនមានន័យថាមិនឆ្លងឡើយ។ 

 ពេលនេះ WHO  កំពុងធ្វើការវាយតម្លៃអំពើហានិភ័យ ដោយធ្វើការសម្របសម្រួលផ្នែកវេជ្ជសាស្រ្ត និងផ្តល់ការគាំទ្រដល់អ្នកដែលនៅលើនាវានោះ។

លោក Tedros Ghebreyesus អគ្គនាយក WHO បានឲ្យដឹងថា WHO កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍។ លោកបានបង្ហោះលើ X ថា ការឆ្លើយតបរហ័ស និងការសម្របសម្រួលគឺសំខាន់សម្រាប់ការពារសុខភាពសាធារណៈ៕ 
ប្រែសម្រួលអត្ថបទដោយ៖ ឈួន ណាគ្រី