2023-09-18 01:09
133

ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានថ្លែងថា៖ មន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្មជានិច្ច ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមការងារ “លឿន រហ័ស និងត្រឹមត្រូវ”។
     លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងសង្កត់ធ្ងន់បែបនេះ ក្នុងឱកាសលោកបណ្ឌិតអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំក្រសួងយុត្តិធម៌។
    អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ជាលើកដំបូងបន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។  កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីជាអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៅក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ផងដែរ។

    ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកបណ្ឌិត គឹម សន្តិភាព បានមានមតិស្វាគមន៍អង្គប្រជុំ និងបានប្រកាសនូវសេចក្តីសម្រេចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានស្នើសុំដល់ថ្នាក់ដឹកនាំ សូមអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច។  
   នាឱកាសនោះ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានបានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៅក្រោមឱវាទ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយស្មារតីបុរេសកម្មជានិច្ច ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមការងារ លឿន រហ័ស និងត្រឹមត្រូវ”៕