2023-09-22 04:09
151

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់ផ្ទះចូលលួចម៉ូតូនិងទូរស័ព្ទបានសម្រេចពីចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យហេីយព្យាយាមបេីកម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ស្វែងរកតាមប្រព័ន្ធGPS ចាប់បានមកវិញនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ  កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ 

   ជនសង្ស័យឈ្មោះនន់ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះហាន ចន្ទី ភេទស្រី អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  ហើយម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV-0611 និងទូរស័ព្ទមួយគ្រឿងម៉ាកoppo។ 

   តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង១រំលងអធ្រាត្រ ខណៈគាត់កំពុងលង់លក់ក្នុងដំណេកស្រាប់តែមានជនសង្ស័យម្នាក់គាស់ទ្វារចូលលួចម៉ូតូមួយគ្រឿងនិងទូរស័ព្ទមួយគ្រឿងដែលគាត់ដាក់នៅលេីដំណេក។ 

   ប្រភពដដែលបានបន្តថា ខណៈជនសង្ស័យលួចបានហេីយបញ្ឆេះម៉ូតូជិះចេញទៅទេីបគាត់ភ្ញាក់ដឹងខ្លួនឃេីញទ្វារចំហនិងបាត់បង់ម៉ូតូមួយគ្រឿង ទូរស័ព្ទមួយគ្រឿងទៀតទេីបផ្អេីលឆោឡោឡេីង តែសំណាងល្អទូរស័ព្ទគាត់បានភ្ជាប់ប្រព័ន្ធGPSទេីបគាត់ជិះតាមស្វែងរករហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែឆ្នាំដដៃលទេីបប្រទះឃេីញជនសង្ស័យនៅមុខផ្សារកាណាស៊ីធី ផ្លូវចោមចៅ សង្កាត់ចោមចៅទី២ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ដោយឡែកម៉ូតូនិងទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕