2023-10-28 03:10
341

ព្រៃវែង៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីប្រណាំងទូក «ង» ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ថ្លែងក្នុងពិធីថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានណែនាំឱ្យកីឡាករប្រណាំងទូកទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អប្រសើរ។
ឯកឧត្តម ជា សុមេធី ថ្លែងថា៖ «ជាពិសេសការហូបចុក ថែរក្សាសុខភាព ភាគច្រើនពេលល្ងាចហ្នឹង គឺថា (កីឡាករ) គាស់ប៊ីយែរ ជល់ទៅជល់មក ព្រលឹមឡើងរាករូស អុំទូកមានបញ្ហា អ៊ីចឹងសុំឱ្យមានការថែរក្សាសុខភាព»។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែងដែលរៀបចំពិធីនេះឡើងដើម្បីឱ្យពលរដ្ឋនៅខេត្តព្រៃវែងបានមកទស្សនាកម្សាន្តសប្បាយរីករាយ។
រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ដោយមានទូកចំនួន ៥៨ទូកចូលរួមប្រកួតប្រណាំង។ ក្នុងរយៈពេល ២ថ្ងៃនេះ រដ្ឋបាលខេត្តក៏មានការការប្រគុំតន្ត្រី បាញ់កាំជ្រួច និងមានស្តង់តាំងពិព័រណ៌ផលិតផលផ្សេងៗជាច្រើនមុខផងដែរ។

កម្ពុជាតែងតែប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែជារៀងរាល់ឆ្នាំ យូរលង់មកហើយ។ ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើនៅទន្លេចតុមុខ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៤កើត ១៥កើត ដល់ថ្ងៃ១រោច ខែកក្ដិក ហើយក៏ធ្វើឡើងនៅតាមតំបន់មួយចំនួនផងដែរ ហើយនៅពេលយប់ក៏មានការបណ្ដែតប្រទីបផងដែរ។ រីឯពិធីបុណ្យអកអំបុក និងសំពះព្រះខែវិញគេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រីថ្ងៃ១៥កើត ខែកក្តិក តែប៉ុណ្ណោះ៕