2023-10-29 11:10
333

(ត្បូងឃ្មុំ)៖ ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគមរាជសីហ៍ ជាអនុប្រធាន អគ្គលេខាធិការរង ព្រមទាំងសមាជិក សមាជិកា នៃអង្គពិធីសរុបចំនួនជាង ៣០០នាក់។
    លោក កោ លីឃន អនុប្រធានសមាគម និងលោក ម៉ាត់ ណើសៀត អនុប្រធានសមាគមរាជសីហ៍ បានឡើងអានសេចក្តីសម្រេច ស្តីពីការតែងតាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ដែលត្រូវតែងតាំងថ្មី។
    លោក វ៉ន សុវណ្ណ ប្រធានសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ដែលទើបទទួលបានការតែងតាំងថ្មី បានឡើងធ្វើការបេ្តជ្ញាចិត្តគោរពនិងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសមាគមរាជសីហ៍ ដោយខិតខំបំពេញតួនាទីនិងភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំសមាគមជាងនេះទៅទៀត នឹងខិតខំប្រឹងប្រែងអនុវត្ត ការងារមនុស្សធម៌និងសប្បុរសធម៌ ឲ្យបានសកម្មនិងផុលផុស ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមរាជសីហ៍។
   លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍បានឡើងរាយការណ៍ អំពីសមិទ្ធផលដ៏ធំធេងដែលសមាគមរាជសីហ៍សម្រេចបានក្នុងរយៈពេលជាង៤ឆ្នាំកន្លងមក ជូនអង្គពិធីទាំងមូលឲ្យបានជ្រាប ដោយក្នុងនោះ សមាគមរាជសីហ៍ បានពង្រឹងនិងពង្រីករចនាសម្ព័ន្ធរបស់ខ្លួនដែលរហូតមកទល់ពេលនេះ សមាគមរាជសីហ៍មានសាខានិងអនុសខារបស់ខ្លួននៅទូទាំងរាជធានីខេត្ត និងក្រៅប្រទេស សរុបចំនួន ៧៥ និងមានសមាជិក សមាជិកា សរុបចំនួន៧៦៩៧អង្គ/នាក់ ស្រ្តី ១៧៨១ នាក់។ ជាមួយនឹងការពង្រីករចនាសម្ព័ន្ធនេះផងដែរ សមាគមរាជសីហ៍បានអនុវត្តសកម្មភាពមនុស្សធម៌និងសប្បុរសធម៌បានចំនួន ១១៩៥ លើក ដោយចំណាយថវិកាអស់ប្រមាណ ១,២៣៣,៣០០ ដុល្លារ។
   ឆ្លៀតក្នុងឱកាសនេះផងដែរ ប្រធានសមាគមរាជសីហ៍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់នាំ និងសមាជិក សមាជិកាសមាគមរាជសីហ៍នៅគ្រប់សាខា ដែលបានអនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ ស្របតាមគោលការណ៍របស់សមាគមដែលបានកំណត់ ដោយក្នុងនោះ ទាំងសកម្មភាពមនុស្សធម៌ក៏ដូចជាការចូលរួមរបស់ មហាជនក្នុងការងារសមាគមរាជសីហ៍ ត្រូវបានអភិវឌ្ឍនិងកើនឡើងជាលំដាប់។
   ជាមួយគ្នានេះ លោកប្រធានសមាគមរាជសីហ៍ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នូវសមិទ្ធផលការងារដែលសម្រេចបានរបស់សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ជាពិសេសការការគៀងគកម្លាំងចូលរួមរបស់មហាជនទៅលើសកម្មភាពរបស់សមាគមរាជសីហ៍។ ជាទឡ្ហីករណ៍ រហូតមកទល់ពេលនេះ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ មានសមាជិក សមាជិកាសរុបចំនួន ៣៥០អង្គ/នាក់ ស្ត្រី ១៧១នាក់ ព្រះសង្ឃ ៥អង្គ និងអនុវត្តការងារមនុស្សធម៌និងសប្បុរសធម៌បានចំនួន ៤៧លើក ដោយចំណាយថវិកាអស់ប្រមាណ ៤១១៥៨ ដុល្លារ៕