2023-10-29 12:10
325

នៅក្នុងឱកាសដ៏មហាជ័យមង្គល ថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំព្រះរាជពិធីខួបលើកទី១៩ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។
    ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតនៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងលោកជំទាវ  ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ នាក់ ផងដែរ៕
    ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងដែលមានខ្លឹមសារដូចតទៅ÷
នៅក្នុងឱកាសព្រះរាជពិធី បុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជានុរាស្ត្រ ទាំងអស់ទូទាំងខេត្តរតនគិរីទាំងមូល សូមព្រះបរមរាជវរោកាសប្រសិទ្ធពរបវរសួស្ដី មហាប្រសើរថ្វាយ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ សម្រេចបានព្រះមហាជោគជ័យ ព្រះបារមីភ្លឺចិញ្ចែង ដើម្បីទ្រង់បាន គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាយូរអង្វែងសម្រាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប។
   ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវទឹកចិត្តស្វាមីភក្តិ និងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញ ដោយព្រះរាជគតិបណ្ឌិត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូប នៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា។
    ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រយានីគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់បានសមប្រកបដោយព្រះពរដ៏មហាប្រសើរថ្លៃថ្លាទាំង ប្រាំ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ នឹងបដិភាណៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕