2023-10-30 12:10
409

 

ភ្នំពេញ៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ប្រកបដោយជោគជ័យ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន និងខួប ៥ឆ្នាំ នៃការកសាងវិមាន «ឈ្នះ-ឈ្នះ»។ 

 គណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា និងខួប ៥ឆ្នាំ នៃការកសាងវិមាន «ឈ្នះ-ឈ្នះ» នេះ មានលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អនុប្រធាន ចំនូន ០៨រូប និងសមាជិក ចំនូន ២០រូបទៀត សរុប គណៈកម្មការនេះមានសមាជិក សរុប ២៩រូប។ 

 គណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ «ឈ្នះ-ឈ្នះ» និងខួប ៥ឆ្នាំ នៃការកសាងវិមាន «ឈ្នះ-ឈ្នះ», គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ, ធ្វើរបាយការណ៍លទ្ធផលជូនរាជរដ្ឋាភិបាល, បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕