2023-10-30 12:10
318

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នេះថា ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”។ 

 ចំពោះរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺមានន័យថា ការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោល គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ១។ 

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមថា ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ ជាង ២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ និងស្រុកកៀនស្វាយ​។ 

 សម្តេចធិបតីបានបញ្ជាក់ថា សមិទ្ធផលថ្មី​ និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។ 

 សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ​​ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ 

 ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕