2023-10-31 03:10
385

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣នេះ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អរុណវតី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ (ស្រី៦៦នាក់) ដោយបានការចូលរួមពី លោក ប៉ាត ប៊ុនផា ប្រធានការិយាល័យធនធានមនុស្ស និងអភិវឌ្ឍស្ថាប័ន និងលោក ឈឹម ប៊ុនថុន នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អារុណវតី ។

សូមជម្រាបជូនថា៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានបេីក និងបន្តគ្រោងបេីកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ទូទាំង៣៩សាលា ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពី ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា, គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ, សុវត្ថិភាពចរាចរណ៍ផ្លូវគោក, តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម។ល។ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា ពេញលក្ខណៈ សំដៅដេីរតួជាយុវជនគំរូឈានមុខទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលេីកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត ៕