
(កំពត) ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះលោក សៀង ឡៃហេង ប្រធានការិយាល័យក្សេត្រវិឡានិងប្រព័ន្ធកសិកម្មវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សហការជាមួយ មជ្ឈមណ្ឌល KOPIA (Cambodia) បាននាំយកនូវបង្គុំបច្ចេកទេសផលិតកម្មដំណាំបន្លែ៧មុខ មកបង្ហាត់បង្ហាញដល់មន្ត្រីផ្សព្វផ្សាយកសិកម្ម និងកសិករក្នុងសហគមន៍កសិកម្ម ស្រុកឈូក ក្នុងគោលបំណង់ដើម្បីបង្កើនការយល់ដឹងផ្នែកបច្ចេកទេសបន្ថែម បង្កើនទិន្នផល និងប្រាក់ចំណូលជូនដល់កសិករ។
ប្រធានការិយាល័យ ក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI) លោក សៀង ឡៃហេង បានប្រាប់ឲ្យដឹងថា ដោយមានកិច្ចសហការពីមជ្ឍមណ្ឌលកូពា បន្ទាប់ពីបានធ្វើការពិសោធន៍បង្គុំបច្ចេកទេសផលិតកម្មដំណាំបន្លែនៅវិទ្យាស្ថានកាឌី ពេញមួយឆ្នាំរួចមក ក្រុមការងារស្រាវជ្រាវបានចង់ក្រង់សៀវភៅណែនាំបច្ចេកទេសលើដំណាំ៧មុខ សម្រាប់ជាឯកសារជំនួយបច្ចេកទេស
(១.ដំណាំឆៃថាវ ២. ឪឡឹក ៣. ត្រសក់ ៤.ស្ពៃខៀវ ៥.សណ្ដែកដី ៦. សាលាដ៏ និងដំណាំប៉េងប៉ោះ) មកចែកជូនមន្ត្រីផ្សព្វផ្សាយកសិកម្ម និងកសិករស្រុកឈូក យកទៅអនុវត្ត។
លទ្ធផលបង្ហាញថា ការអនុវត្តបង្គុំបច្ចេកទេសរបស់វិទ្យាស្ថានកាឌី ទទួលបានទិន្នផលខ្ពស់ និងទទួលបានប្រាក់ចំណេញកើនឡើងប្រមាណជា២០-៤០% បើធ្វើការប្រៀបធៀបជាមួយការដាំដុះតាមទម្លាប់របស់កសិករ។
លោក សួង អឿក កសិកររស់នៅភូមិព្រែកឈើនៀង ឃុំបានៀវ ស្រុកឈូក បានប្រាប់ឲ្យដឹងថា ការប្រើបង្គុំបច្ចេកទេសតាមការណែនាំរបស់មន្ត្រីជំនាញពិតជាទទួលបានទិន្នផលច្រើនជាងមុន គឺកើនឡើងរង្វង់៣០ភាគរយ។
តាមបង្គុំបច្ចេកទេសផលិតកម្មដំណាំបន្លែ ក៏បានជំរុញឲ្យកសិករចេះ ដាំដំណាំឆ្លាស់គ្នា និងចេះជ្រើសរើសប្រភេទដំណាំឲ្យត្រូវតាមរដូវកាលផងដែរ ដើម្បីធានាថា ដំណាំដុះល្អ និងទទួលបានទិន្នផលច្រើន។
គម្រោង ការផ្ទេរបង្គុំបច្ចេកទេសបង្កើនផលិតភាពដំណាំបន្លែ តាមរយៈការដាំដុះបង្ហាញនៅលើដីចម្ការ កសិករ ក្នុងប្រទេសកម្ពុជា មានរយៈពេលអនុវត្ត២ឆ្នាំ (២០២៣ ដល់ ២០២៤ខាងមុខ។





(សឹង រ៉ាត់)