2023-11-01 11:11
386

ក្រចេះ៖ អ្នកគ្រូសិល្ស៍ល្បីល្បាញលើបណ្តាញសង្គមខាងទស្សទាយជោគវាសនា និងមន្តអាគមន៍អូមអាម គ្រងច្បង់ចីវរអង្គុយក្នុងផ្កាឈូកតាំងខ្លួនព្រះពុទ្ធ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញមន្ទីរធម្មការ និងសាសនា ចុះធ្វើការព្រមាន និងធ្វើកិច្ចសន្យា ព្រោះសកម្មភាពនេះមិនសមរម្យនាំឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរផ្នែកវិស័យព្រះពុទ្ធសាសនា។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ស្ត្រីជាគ្រូទស្សទាយ និងមើលជំងឺ ១០០មុខ មានឈ្មោះ សុខ នី អាយុ ៣៩ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ភូមិអូរប្ញស្សី១ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានអជ្ញាក្រុងក្រចេះ ព្រះមេគុណ ព្រះអនុគុណ និងមន្ទីរធម្មការ និងសាសនា ចុះណែនាំ អប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយដែលនាំឲ្យប៉ះពាល់ដល់សង្គម ជាពិសេសប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃព្រះពុទ្ធសាសនាតែម្តង។ 


ក្នុងកិច្ចសន្យាស្ត្រីគូទាយ និងមន្តអាគមអូមអាម បានបញ្ជាក់ថា «កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ នាងខ្ញុំ បានយកស្បង់ចីវរព្រះសង្ឃព្រះពុទ្ធសាសនាមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្ដាញសង្គមពុំបានដឹងថា ជារឿងខុសច្បាប់រដ្ឋ  និងឆ្គាំឆ្គងក្នុងធម្មវិន័យព្រះពុទ្ធសាសនាឡើយ។ ក្រោយទទួលបានការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច នាងខ្ញុំ សូមទទួលកំហុស និងយល់ព្រមលុបវីដេអូបចេញពីហ្វេប៊ុកវិញ»។ 


ស្ត្រីគ្រូទស្សទាយជោគវាសនារាសី ធ្វើស្នេហ៍ និងមើលជំងឺតាមបែបព្រហ្មមាញ់សាសនា បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មន្ត្រីសង្ឃ និងមន្ទីរធម្មការថា «នាងខ្ញុំ ឈ្មោះ សុខ នី ឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរព្រះពុទ្ធ សាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំ ធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដើម្បីជាសក្ខីភាព និងជាភស្ដុតាងក្នុងផ្លូវច្បាប់ នាងខ្ញុំសូមផ្តិតមេដៃស្ដាំទុកជាភស្តុតាង»។ 

សូមបញ្ជាក់ថា គ្រូទាយជោគវាសនា និងមេីលជំងឺ ឈ្មោះ សុខ នី កាលពីថ្ងៃ២៩ ខែតុលា កន្លងទៅ បានយកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ ហើយអង្គុយពែនៅភ្នែន និងលើដៃបាទដៃម្ខាង តាំងខ្លួនដូចជាព្រះពុទ្ធ និងថតបង្ហោះនៅលើបណ្តាញសង្គមបង្កឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ទើបអាជ្ញាធរក្រុងក្រចេះ មន្ទីរធម្មការ និងកិច្ចការសាសនា ព្រះមេគុណខេត្ត ព្រះអនុគុណក្រុង ចុះធ្វើកិច្ចសន្យា អប់រំ ណែនាំឲ្យបញ្ឈប់រាល់សកម្មភាព ដែលនាំឲ្យប៉ះពាល់ដល់វិស័យព្រះសាសនាតែម្តង៕