2023-11-01 01:11
429

កំពត៖ ដីព្រៃបម្រុងទុករាប់សិបហិកតា ស្ថិតនៅម្ដុំជូរភ្នំដង្កូវ ក្នុងភូមិសាស្ត្រ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត កំពុងតែរងការកាប់ទន្ទ្រាយ ឈូសឆាយ ដើម្បីកាន់កាប់យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់ក្រុមឈ្មួញ ជនខិលខូច និងមានអំណាចមួយចំនួនយ៉ាងអនាធិបតេយ្យ ដោយគ្មានឃើញមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពត អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗទៀតចុះពិនិត្យមើល ឬទប់ស្កាត់ឡើយម្នាក់សំងំស្ងាត់ឈឹង ឬមួយទទួលបានផលលាភពីក្រុមដែលរំលោភយកដីរដ្ឋទាំងនោះ។

ពាក់ព័ន្ធករណីកាប់ទន្ទ្រាន ឈូសឆាយ រំលោភយកដីព្រៃរបស់រដ្ឋទាំងបំពានដោយគ្មានការទប់ស្កាត់ខាងលើនេះ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់បណ្ដាញសារព័ត៌មានយ៉ាងខ្លី ថា «រឿងរំលោភដីភ្នំឬដីព្រៃទាំងនេះ សូមសួរទៅលោក ជូន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត កំពតទៅ ព្រោះឥឡូវនេះលោកកំពុងតែជាប់រវល់»។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ក៏បានបញ្ជាក់ថា «លោកបានចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើលទីតាំងរំលោភយកដីព្រៃរបស់រដ្ឋនោះហើយ»។
សូមជម្រាបថា សព្វថ្ងៃនេះសកម្មភាពកាប់ឆ្ការ ឈូសឆាយ ទន្ទ្រានកាន់កាប់កាប់រំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនកំពុងកើតមានយ៉ាងអនាធិតេយ្យ នៅម្តុំចំណុចភ្នំដង្កូវ ក្នុងភូមិសាស្ត្រភូមិ-ឃុំល្អាង ស្រុកដងទង់យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើហាក់មិនអើពើមានវិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ ធ្វើឱ្យមហាជនរិះគន់ និងសង្ស័យថា មន្ត្រីជំនាញ និងអាជ្ញាធរទាំងនោះទទួលបានផលលាភពីក្រុមឈ្មួញ និងជនខិលខួចដែលរំលោភដីរដ្ឋឬយ៉ាងណា?៕