2023-11-01 04:11
316

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានក្លែងក្លាយព្រះរាជសាររបស់ព្រះមហាក្សត្រនិមន្តព្រះធម្មវន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីកេងចំណេញផលប្រយោជន៍ ប៉ុន្តែត្រូវក្រសួងព្រះបរមរាជវាំងបដិសេដ្ឋថា គឺជា «ព្រះរាជសារក្លែងក្លាយ»។ 

តាមប្រភពព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យដែលថ្លើមធំហ៊ានកន្លំខ្លួនថា ជាខ្សែរាជវង្ស និងបានរៀបចំធ្វើព្រះរាជសារក្លែងក្លាយផ្ញើទៅកាន់កូនកូនសិស្ស ព្រះធម្មវន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ នៅខេត្តកំពតនោះ មានឈ្មោះ ហាក់ ឧត្តម ភេទប្រុស ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នងចាប់ខ្លួន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ 

សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កន្លងមក បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយក្នុងប្រព័ន្ធបណ្តាញសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ ឧត្តម ពាក់ព័ន្ធករណីក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ 

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំ វិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន»។ 

ករណីនេះផងដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មាន គ្មានប្រភពច្បាស់លាស់ ដែលបណ្តាលអោយខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោកព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀតផង៕