2023-11-01 04:11
295

ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសងដុះស្លែរមានលក្ខណៈកាស៊ីណូដោយខុសច្បាប់ យីហោ «ការកម្សាន្តក្រោន» ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយឃាត់ខ្លួនជនបរទេស និងខ្មែរជាច្រើននាក់ ដើម្បីយកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងដ៏ធំខាងលើ ធ្វើឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីតាំង យីហោ «ការកម្សាន្តក្រោន» ទល់មុខអគារឌឹកព្រីត ផ្លូវ៦៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រមាណជិត ១០០នាក់។


តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងនាយដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ឆ្មក់ចូលបង្ក្រាបទីតាំងបើកល្បែងស៊ីសងអេឡិចត្រូនិកដុះស្លែរមួយកន្លែង នៅតំបន់ផ្សារចិន យីហោ «ការកម្សាន្តក្រោន» ទល់មុខអគារឌឹកព្រីត ផ្លូវ៦៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលលួចលាក់បើកលេងល្បែងស៊ីសងលក្ខណៈកាស៊ីណូ ប្រភេទអេឡិចត្រូនិកជាច្រើនខែ ប៉ុន្តែអស់លោកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងខណ្ឌមិនហ៊ានបង្ក្រាបនោះទេ អាចទទួលបានផលលាភពីម្ចាស់ល្បែងស៊ីសង ឬខ្លាចអំណាចអ្នកធំណាមួយកាងទីតាំងនោះ។

ប្រភពបន្តទៀតថា ក្នុងការចុះបង្ក្រាបទីតាំងយីហោ «ការកម្សាន្តក្រោន» ទល់មុខអគារឌឹកព្រីត ផ្លូវ៦៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការបើកល្បែងស៊ីសង «កម្សាន្តក្រោន» ខាងលើសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រីជាង ៨០នាក់ មានជនជាតិខ្មែរ ចិន និងវៀតណាម រួមទាំងដកហូតសម្ភារៈអេឡិចត្រូនិកចំនួនទៀតផង។


បច្ចុប្បន្នមនុស្សប្រុស-ស្រីទាំងអស់រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំតាមជំនាញ នៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ តាមនិតិវិធីច្បាប់ ៕