2023-11-01 06:11
318

ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្តែង ពាក់ព័ន្ធករណីដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ 

  លោកវរសេនីយ៍ឯក នាង វុធ បានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្សិលមិញនេះ លោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន០៥នាក់ សហការជាមួយកម្លាំងជំនាញស្រុកចុះបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១លើកនៅចំណុចលើផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន។

   លោកវរសេនីយ៍ឯក នាង វុធ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ សមត្ថកិច្ចនគរបាលស្រុកបាកានបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ពៅ ភារុំ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ទម្ងន់ ៥១,៤២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ទូរស័ព្ទដៃ ០១គ្រឿងម៉ាក SAMSUNG កាបូបលុយពណ៌ខ្មៅចំនួន១ លុយខ្មែរចំនួន ៤៧,០០០រៀល និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ឡើងតែម ០២១ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

  បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទនិងចាត់ការតាមនីតិវិធី៕