2023-11-02 03:11
310

(កែប) ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថាន ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរៀបចំយុទ្ធនាការដាំកូនកោងកាងចំនួន៦,០០០ដើម នៅតាមបណ្តោយមាត់សមុទ្រ នៃសហគមន៍អេកូទេសចរណ៍ភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប។ 

លោក អ៉ិន សៅ ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ឲ្យដឹងថា មន្ទីរបានរៀបចំពិធីនេះបាន ៣លើកមកហើយ ក្នុងឆ្នាំ២០២២ ដែលមានកូនកោងកាងសរុបដែលបានដាំចំនួន១២,០០០ដើម នៅសហគមន៍នេសាទភូមិថ្មីនេះ។

ដោយឡែកក្នុងឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានបានផ្ដល់កូនឈើប្រណិត ដល់សាលារៀន វត្តអារ៉ាម មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងសហគមន៍ចំនួន១,៥០០ដើម និងសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូបានដាំកូនឈើប្រណិត និងឈើហូបផ្លែចំនួន ៥៥០ដើម នៅទីលានទុកដាក់សំរាម និងកំពុងបន្តរៀបចំថ្នាលបណ្តុះកូនឈើបន្ថែមទៀត។  ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រសាសន៍អោយដឹងថា ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៣ អង្គពិធីយើងទាំងមូលបានដាំកូនកោងកាងចំនួន ៦,០០០ដើម បន្ថែមទៀតនៅសហគមន៍នេសាទភូមិថ្មី។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូបយកនូវឧស្ម័នកាបូនិច និងជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆសមុទ្របន្តពូជ។

ដោយការបាត់បង់នូវធនធានទាំងនេះនឹងនាំមកនូវការ បាត់បង់ទីជម្រកសត្វពង ប្រភពអាហារសមុទ្រ ដែលធ្វើឱ្យថយចុះទិន្នផលនេសាទ និងរុក្ខជាតិ សមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលរបស់មនុស្ស និងសេដ្ឋកិច្ចជាតិ។

យ៉ាងណាឯកឧត្តម ជំរុញអោយមន្ទីរបរិស្ថាន បន្តកៀរគររកដៃគូរគាំទ្រ ដើម្បីអនុវត្តសកម្មភាពបន្តដាំកូនកោងកាងនៅសហគមន៍នេសាទភូមិថ្មីនេះបន្ថែមទៀត។(សឹង រ៉ាត់)