2023-11-02 04:11
292

(កែប) ៖    នាថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែបបានប្រារព្វពិធីអបអរសាទខួបលើកទី១៩ នៃព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

ពិធីនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ  អភិបាលនៃគណអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ កងកម្លាំងទាំងបី ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការអង្គភាពជុំវិញខេត្តផងដែរ។ 

ពិធីប្រព្រឹត្តឡើងដោយបាននិមន្តព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្តជយន្តោ ប្រោះព្រំ សិរីមង្គល សិរីសួស្តីថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថា៖
សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នាទិវាដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំ អភិវន្ទសម្តែងថ្វាយនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង អបអរសាទរប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ បំផុត ក្នុងឱកាសគម្រប់ខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវអំណរសាទរ ប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គនៅក្នុងព្រះឋានៈ នេះ បានដឹកនាំប្រជានុរាស្ត្រក្នុងព្រះរាជកិច្ចកសាងជាតិ មាតុភូមិយ៉ាងសកម្មជាទីបំផុត និងបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គ ដោយបានបំពេញនូវព្រះរាជបេសកកម្ម និងព្រះរាជសកម្មភាពជាច្រើន រួមចំណែក យ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជារាស្ត្រ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មាតុភូមិ កម្ពុជាជាទីស្នេហា ឲ្យមានសន្ទុះរីកចម្រើនជឿនលឿនថ្កុំថ្កើនរុងរឿងយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះ សព្ទសាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះ ស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា។(សឹង រ៉ាត់)