2023-11-02 05:11
267

ភ្នំពេញ៖ បុគ្គលដែលថ្លើមធំពាសមេឃហ៊ានធ្វើព្រាះរាជសាររបស់ហ្លូងម៉ែ និងព្រាះមហាក្សត្រក្លែងក្លាយនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ ចំនួន ០៣ បទល្មើស គឺបទៈ ឆបោក បទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង។ 

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន ថា «តំណាងអយ្យការបានបើកការស៊ើបសួររួចហើយពីបទៈ ឆបោក បទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ»។ 

សូមជម្រាបថា កម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការនគរបាលជាតិ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនម្នាក់ មានឈ្មោះ ហាក់ ឧត្តម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលបានក្លែងក្លាយព្រះរាជសាររបស់ព្រះមហាក្សត្រនិមន្តព្រះធម្មវន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីកេងចំណេញផលប្រយោជន៍ ហើយត្រូវក្រសួងព្រះបរមរាជវាំងបដិសេដ្ឋថា គឺជា «ព្រះរាជសារក្លែងក្លាយ»។ 

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្ស ទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំ វិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្មវន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន»។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ចំនួន ០៣ បទល្មើស គឺ «បទៈ ឆបោក បទៈ ក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ»៕