2023-11-03 12:11
329

ស្ថិតនៅចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រ ពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះមានប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយ ដោយខណៈនេះបានប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឱ្យមកចូលរួមទស្សនា។

ដោយឡែក ពាក់ព័ន្ធទៅនឹងប្រវត្តិតេទឹកពុះនេះ បើតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដើមភាគតិចសួយនៅភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់រឿងតំណាលថា ដើមឡើយមានសេដ្ឋីមួយរូបមានមាសប៉ុនដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស ១ ស្រី ១ ដែលកូនទាំង ២ នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗ រហូតដល់ធំពេញវ័យ។

ដោយខ្លាចវង្វេងរកកូនប្រុសពេលធំមិនឃើញ ដែលផ្ញើទុកជាមួយគេនៅភូមិមួយ គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា «រលាក់កជើង»។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី ទើបក្រោយមកគិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែកទ្រព្យសម្បត្តិពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យយកគ្នាជាប្តីប្រពន្ធ។

គិតគូររួចហើយ គាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបានអញ្ជើញហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ លើកលែងតែយាយតីម្នាក់គត់ ដែលសេដ្ឋីមិនបានហៅឱ្យចូលរួម មិនតែប៉ុណ្ណោះ សេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវថែមទៀតផង ដែលពិធីមង្គលការនេះប្រព្រឹត្តទៅនៅថ្ងៃ ១៥ រោច ខែពិសាខ និង បានក្លាយជាប្រពៃណីបុណ្យឡើងសំណំ របស់ជនជាតិដើមភាគតិចសួយ មកទល់សព្វថ្ងៃនេះ។

បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មានការបាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើង ស្រាប់តែយាយតីយល់សប្តឃើញយមទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាច់ខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ភ្ញាក់ពីយល់សប្ត យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណីនៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយទើបភូមិនោះមានឈ្មោះថា «ភូមិកោដូនតី» រហូតមកទល់សព្វថ្ងៃនេះ។

បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ ពេលពិធីសែនព្រេនបានចាប់ផ្តើមឡើង ស្រាប់តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្សទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។

ដោយឃើញទិដ្ឋភាពបែបនោះ យាយតីភ័យក៏បានរត់គេចពីកន្លែងនោះ ទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្នដីទួលនោះបានក្លាយជាតំបន់ដីព្រៃអារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះធរណី ហើយក៏រស់នៅទីនោះរហូតមានគ្រួសារ និង កូនប្រុសមួយ។

ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជាតាបសនៅលើភ្នំខ្ជោល (ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែងទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយអស់ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន៕