2023-11-03 05:11
246

(សៀមរាប)៖ «ជណ្ដើរត្រី» ដើម្បីជួយដល់ការផ្លាស់ទីរបស់ត្រី ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០២២-២០២៣ និងមានតម្លៃជិត ១០ម៉ឺនដុល្លារ ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាល អូស្ត្រាលី និងក្រោមកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt មានទីតាំងនៅភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

«ជណ្ដើរត្រី» ជាសំណង់ផ្លូវត្រីមួយដែលអាចឱ្យត្រីហែលឆ្លងកាត់ទៅផ្នែកខាងលើនៃទំនប់ ហើយត្រីអាចផ្លាស់ទីដោយសេរី និងការ ហែលទៅរកកន្លែងពងកូននានា។
ក្រៅពីបម្រើឱ្យច្រកផ្លូវសម្រាប់ត្រីធ្វើដំណើរបម្លាស់ទីនោះ ជួយកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ទៅលើការបម្លាស់ទីរបស់ត្រីទឹកសាបគ្រប់ប្រភេទ។
បើតាម កញ្ញា ហ៊ុង សុធានិកា ជានិស្សិតឆ្នាំទី៣ លើជំនាញគ្រប់គ្រង និងអភិវឌ្ឍធនធានធម្មជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកញ្ញា យីម ពេជ្រម៉ូលីកា ជានិស្សិតមកពីសាលាជាតិកសិកម្មកំពង់ចាម បានថ្លែងថា តាមរយៈការចុះធ្វើទស្សនកិច្ចសិក្សាទីតាំងសាងសង់ជណ្តើរត្រី គឺមានអារម្មណ៍ថាប្លែក និងលើកដំបូងសម្រាប់ប្រទេសកម្ពុជា ជាពិសេសជណ្តើរត្រីនេះ អាចធ្វើឱ្យត្រីងាយស្រួលធ្វើចលនាចេញទៅកាន់ផ្នែកខាងលើស្ទឹង ដើម្បីទៅកន្លែងពងកូនផ្សេងៗទៀត ដោយមិនបង្កគ្រោះថ្នាក់ដល់ត្រី។

និស្សិតផ្នែកកសិកម្មទាំង២រូបនេះ បានបង្ហាញក្តីសង្ឃឹមថា ប្រសិនបើប្រទេសកម្ពុជា សាងសង់ទីតាំងជណ្តើរត្រីបានច្រើន នោះវានឹងក្លាយជាផ្នែកមួយបង្កើនចំនួនមច្ឆាជាតិឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ ជាពិសេសវានឹងធ្វើឱ្យជីវភាពប្រជានេសាទកាន់តែរីកចម្រើនបានមួយកម្រិតទៀតតាមរយៈទិន្នផលត្រីកើនឡើងនៅតាមស្ទឹង បឹង អូរជាដើម។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា សមិទ្ធផលនេះពិជាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែជួយលើវិស័យធារាសាស្ត្រ វិស័យជលផលនោះទេ គឺជួយទៅលើវិស័យកសិកម្ម និងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជិតទំនប់ស្លែងនេះ។

លោកអភិបាលស្រុកក្រឡាញ់ បានយល់ឃើញថា៖ «គម្រោងនេះសាងសង់ឡើងជាកន្លែងឱ្យត្រីធ្វើចរាចរណ៍រកចំណី ទៅរកកន្លែងពងកូន ដូច្នេះអាចជួយឱ្យក្លាយជាកន្លែងសម្រាប់និស្សិតសិក្សាស្រាវជ្រាវផង សម្រាប់ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដឹងថាមានប្រភេទត្រីអ្វីខ្លះ ត្រីណាជិតផុតពូជ ដែលត្រូវជួយការពារអភិរក្ស»។

បើតាម លោក ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការស្ថាបនា «ជណ្តើរត្រី» នេះ ដើម្បីជួយឱ្យស្ទឹងផ្លាងនេះសម្បូរត្រី និងវារីសត្វផ្សេងៗ ដែលជាគុណប្រយោជន៍បម្រើរជូនតម្រូវការម្ហូមអាហារ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ផងដែ។

គួររំលឹកផងដែរថា ការគិតគូរបញ្ចូលផែនការសាងសង់ជណ្តើរត្រីផែនការសង់ទំនប់ គឺបានឆ្លើយតបទៅនឹងអនុសាសន៍ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យជលផលជាពិសេសនៅតំបន់បឹងទន្លេសាប។

លោកថា «ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងធ្វើអស់ពីសមត្ថភាពដើម្បីការពារធនធានដ៏សំខាន់នេះទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់សហគមន៍យើង។ ការសាងសង់ជណ្តើរត្រី នៅកម្ពុជា ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដែលកំពុងត្រូវបានកំណត់ថាមាន សារៈសំខាន់ខ្លាំងណាស់ក្នុងការជួយថែរក្សាធនធានជលផល»។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ជណ្តើរត្រីមានសក្តានុពលក្នុងការធានានូវប្រសិទ្ធភាពបម្លាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិ ជួយបង្កើនផលិតភាពធនធានជលផល និងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា។ គុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃការងារគ្រប់គ្រង និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។ ជណ្តើរត្រីនឹងធ្វើឱ្យធនធានត្រីដែលរស់នៅក្នុងស្ទឹងផ្លាង មានភាពសម្បូរ និងអាចបម្រើរជាប្រយោជន៍ ដល់ប្រជាពលរដ្ឋដែលរស់នៅ និងពឹងផ្អែកពីធនធានត្រីនៅក្នុងស្ទឹងនេះផ្ទាល់ផងដែរ។

លោក សុង ហុង អនុប្រធានរដ្ឋបាលជលផល បានថ្លែងថា ការអភិវឌ្ឍជណ្តើរនៅកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្ម ប៉ុន្តែយើងកំពុងសិក្សាឃើញថា វាប៉ះពាល់ដល់ការធ្វើបម្លាស់ទីរបស់ត្រី និងនាំឱ្យមានការថយចុះផលិតភាពត្រីធម្មជាតិផងដែរ។ ការសាងសង់ផ្លូវត្រីដ៏ល្អ និងធានាបានតភ្ជាប់ខ្សែទឹកធម្មជាតិ អាចអនុញ្ញាតឱ្យត្រីធ្វើចរាចរណ៍ និងជួយដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាពដែលអាចជួយថែរក្សាត្រីសម្រាប់ប្រជាជាតិ។ ប្រទេសជាច្រើនក្នុងពិភពលោក បានបង្កើតរចនាសម្ព័ន្ធផ្លូវត្រី ហើយបង្ហាញថាវាអាចជួយដល់ការផលិតស្បៀងអាហារពីធនធានជលផល ធនធានទឹក និងថាមពល ប៉ុន្តែលុះត្រាតែមានការរចនាតាមរបៀបដែលល្អបំផុតក្នុងការសាងសង់ជណ្តើរត្រី។

បើតាម លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥,០០០គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង១០០ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។
បើតាម លោក ឡុក វួង មេឃុំស្រណាល ស្រុកក្រឡាញ់ រួមជាមួយប្រជាពលរដ្ឋ បានបង្ហាញការសប្បាយរីករាយជាយ៉ាងខ្លាំងក្រោយទទួលបានជណ្តើរត្រី ហើយជំណ្តើរត្រីនេះបានផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់ឱ្យត្រីគ្រប់ប្រភេទអាចឡើងពងកូន នៅតាមតំបន់ផ្សេងៗបាន។ ជាពិសេសជណ្តើរត្រីនេះមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្រណាលនេះ។

ប្រជាពលរដ្ឋរស់នៅភូមិស្លែង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានស្ថាបនាជណ្តើរត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យចំនួនត្រីនឹងកើនឡើងតាមរយៈជណ្តើរត្រីនេះ។ តាមរយៈជណ្តើរត្រីនេះនឹងធ្វើឱ្យតំបន់របស់លោកស្រីសម្បូរត្រីឱ្យកាន់ច្រើនបន្ថែមទៀត ជាពិសេសនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕