2023-11-03 06:11
328

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់រដ្ឋបាលឃុំ បង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងហានិភ័យ។ លោក សាយ គឹមឡម បានណែនាំដូច្នេះនៅក្នុងឱកាសដែល លោកអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រចំនួន០៩គ្រួសារ នៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានណែនាំរដ្ឋបាលឃុំត្រូវធ្វើការ ស្រ់ងទិន្នន័យ និងជួយសង្គ្រោះប្រជាពលរដ្ឋក៏ដូចជាធ្វើរបាយការណ៍ជូនដល់រដ្ឋបាលស្រុក ដើម្បីមានលទ្ធភាពចុះសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានបញ្ហាឲ្យបានទាន់ពេលវេលា និងមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ឬជនរងគ្រោះណាមួយដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងនោះឡើយ។


លោក សាយ គឹមឡម ក៏បានណែនាំបន្ថែម ដល់រដ្ឋបាលឃុំកំពង់ចិនជើង ក៏ដូចជាបណ្ដាឃុំផ្សេងទៀត ត្រូវធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងរងហានិភ័យឲ្យបានសុក្រិតត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជីវភាពពួកគាត់ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកាត់បន្ថយភាពក្រីក្រនិងកុំឲ្យមានបាតុភាព ផ្សេងៗពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា គ្រួសារទាំង០៩គ្រួសារខាងលើក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករមួយបេ មីមួយកេស ទឹកត្រីមួយយួរ ទឹកស៉ីអ៊ីវមួយយួរ ត្រីខរមួយយួរ និងសារុងមួយផងដែរ៕