2023-11-03 10:11
465

ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនិរិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបក្រុមជនសង្ស័យជាជនជាតិវៀតណាម ចំនួន ០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងកាស៊ីណូ «សៀង ហៃ និងការ៉ាអូខេ BIBO»

តាមប្រភពពឹត៌មានពីកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឥ្យដឹងថា ជនជាតិវៀតណាម ចំនួន ០៤នាក់ ជាជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីធ្វើការចោទប្រកាន់តាមនិតិវីធីច្បាប់ កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅ។

តាមប្រភពបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង ០៤នាក់ រួមមាន៖

ទី១- ឈ្មោះ ង្វៀង ឌឹកថាន់ទុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី២- ឈ្មោះ ចឹង អាន់ទឹង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ B56 ក្នងបរិវេន សៀង ហៃ រីស៊ត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី៣- ឈ្មោះ ចិន ថៃលីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលលេខ B៤០ សៀង ហៃ រីស៊ត ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ទី៤- ឈ្មោះ ង្វៀង កាធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល លេខ BIBO ស្ថិតនៅភូមិចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

មន្ត្រីប៉េអឹមខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា នៅវេលាម៉ោង ៤និង៤០នាទីរសៀល រហូតដល់ម៉ោង ២៣ និង២០នាទី នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ឡម ពេងស៊ាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូ «សៀង ហៃ» និងចំណុចខារ៉ាអូខេ «BIBO» ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ រួមទាំងវត្ថុតាង រូមមាន៖

- ក្រាម ពណ៌សថ្លា ចំនួន ១៣កញ្ចប់ មានទម្ងន់ ១២៧.២០ ក្រាម (គិតទាំងសំបកវិចខ្ចប់), ម្សៅម៉តពណ៌ស ចំនួន ០៩កញ្ចប់ មានទម្ងន់ ៨៧.១០ ក្រាម (គិតទាំងសំបកវេចខ្ចប់)

- ថ្នាំគ្រាប់ពណ៌លឿងចំនួន ១២កញ្ចប់ មានទម្ងន់១៩.៥០ក្រាម (គិតទាំងសំបកវេចខ្ចប់)

- ថ្នាំគ្រាប់ពណ៌ខៀវ ចំនួន ០១កញ្ចប់ មានទម្ងន់ ០.៦០ក្រាម  (គិតទាំងសំបកវេចខ្ចប់), ម្សៅកញ្ចប់រូបនាគ ចំនួន ០២កញ្ចប់ មានទម្ងន់ ៤៨.៥០ក្រាម (គិតទាំងសំបកវេចខ្ចប់)

- ម្សៅកញ្ចប់ពណ៌ក្រហម (រូបទំពាំងបាយជួរ) ចំនួន ១០កញ្ចប់ មានទម្ងន់ ១០៥.៦០ក្រាម (គិតទាំងសំបកវេចខ្ចប់)

- ម្សៅកញ្ចប់ពណ៌ក្រហម (រូបសត្វសេះ) ចំនួន ០៤កញ្ចប់ មានទម្ងន់ ២១.៩០ក្រាម (គិតទាំងសំបកវេចខ្ចប់), ទម្ងន់ថ្នាំញៀន សរុប ៤៣០,២០ ក្រាម (គិតទាំងសំបកវេចខ្ចប់)

- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿង, ថ្នាំជក់សង្ស័យកញ្ឆា ចំនួន ០១, ម៉ូតូចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ (វៀតណាម) ចំនួន ០១សន្លឹក, លិខិតឆ្លងដែនចំនួន ០១, ទូរសព្ទដៃ ចំនួន ០៤គ្រឿង, សម្ភារៈប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕