2023-11-04 12:11
254

ភ្នំពេញ៖ យុវជនម្នាក់បន្ទាប់ពីឡើងទៅលើអគារសំណង់ជាន់ទី៣ដើម្បីអានសៀវភៅខណៈចុះមកវិញក៏រអិលជើងធ្លាក់ចុះមកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃជើងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះ ឈ្មោះ លាង ប៉ុនម៉ាណែត  ភេទប្រុស អាយុ១៥ឆ្នាំ  ជាសិស្សស្នាក់នៅជាន់ទី២ កន្លែងកើតហេតុខាងលើ រងរបួសបាក់ជើងទាំងពីរ និងបាក់ដៃខាងស្តាំ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅអគារជាន់ទី៣ដែលទើបនិងចាក់ប្លង់សេ ដើម្បីទៅអង្គុយអានសៀវភៅ លុះមកដល់វេលាកើតហេតុក៏បានចុះមកវិញតាមជណ្តើរដោយមិនទាន់មានបង្កាន់ដៃនោះទេនិងមានលាយឡំទៅដោយខ្សាច់ផងនោះក៏រអិលជើងធ្លាក់មកក្រោមបណ្តាលឱ្យរងរបួសបាក់ដៃនិងជើងរងរបួសធ្ងន់។ 


ក្រោយកើតហេតុដោយមានការស្នើពីបងប្អូនជនរងគ្រោះសុំជំនួយពីកងសង្គ្រោះបន្ទាន់៧១១ទើបក្រុមគ្រូពេទ្យចេញរថយន្តទៅអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យកុមារជាតិដើម្បីព្យាបាល៕