2023-11-04 01:11
292

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ៣នាក់ដែលជាមុខសញ្ញាចោរលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីធ្វើសកម្មភាពលួចរបស់របរអ្នកស្រុកកែវសីមា យ៉ាងសកម្មអស់ជាច្រើនឆ្នាំ ។

មន្ត្រីនគរបាលស្រុកកែវសីមាឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទី ១/ឈ្មោះ ឌី មករា ហៅខ្មៅតូច ភេទប្រុស(បានធ្វើសកម្មភាពលួចចំនួន៦លើក),២/ឈ្មោះ យ៉េត ចិត្ត ភេទប្រុស(បានធ្វើសកម្មភាពលួចចំនួន៦លើក)និង ៣/ឈ្មោះ ហួន រ៉ាវុធ ភេទប្រុស(បានធ្វើសកម្មភាពលួចចំនួន៥លើក)។

មន្ត្រីនគរបាលបានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២២ មានករណីលួច(ចោរកម្ម) ដំឡូងមី,ដែក,អាគុយ របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តដោយជនសង្ស័យចំនួន០៣នាក់ ១/ឈ្មោះ ឌី មករា ហៅខ្មៅតូច ភេទប្រុស ២/ឈ្មោះ ហួន រ៉ាវុធ ហៅអាខ្ចៅ ភេទប្រុស ៣/ឈ្មោះ យ៉េត ចិត្ត ភេទ ប្រុស ។ នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២៣ឈ្មោះយ៉េត ចិត្ត និងឈ្មោះ ឌី មករា ហៅខ្មៅតូច បានលួចចូលក្នុងសួនអាពាហ៍ពិពាហ៍(មេព្រៃ) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លួចដែកកង់យោង ឫ ដែកម៉ាស៊ីនរ៉ៃ ក្នុងរយ:ពេល០២ថ្ងៃម្តង ។ ក្នុង១ដង បានដែកទម្ងន់១០០គីឡូក្រាម រហូតមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយយកទៅលក់អោយអ្នកទិញអេតចាយតាមម៉ូតូ ឯឈ្មោះ ហួន រ៉ាវុធ ក៏ជាជនសង្ស័យ ធ្វើសកម្មភាពលួច ដំឡូងមី ឫដំឡូងគេយ៉ាងសកម្មក្នុងស្រុកកែវសីមាផងដែរ។  

ជនសង្ស័យទាំង០៣នាក់បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្មនៅក្នុងស្រុកកែវសីមា ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងជំនាញឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធី៕