2023-11-04 02:11
259

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៧០៦ក្បាលដី ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ លោក លោកស្រីអភិបាលរងខណ្ឌ រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាអាទិភាពក្នុងការចុះបញ្ជីក្នុងចំណោមខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា តាមផែនការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺត្រូវធ្វើការចុះបញ្ជីដីធ្លីឱ្យរួចរាល់ទូទាំងប្រទេសចុងឆ្នាំ២០២៣ តែត្រូវបានពន្យាពេល ដោយសារជំងឺកូវីដ១៩។

លោកបានបន្តថា ដោយមានការសហការយ៉ាងល្អពីអាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋម្ចាស់ដីបានបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារបានចុះធ្វើការកំណត់ព្រំវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដែលធ្វើឱ្យដំណើរការនៃការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទទួលបានជោគជ័យជាលទ្ធផលសរុបប្រមូលបានចំនួន ៧០៦ក្បាលដី។

លោក ប្លុង សីហៈ បានបន្ថែមថា វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលទ្រព្យនេះ មានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដូចជា៖ ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ហើយបណ្ណនេះត្រូវមានការពារដោយច្បាប់ និងធានាដោយរដ្ឋ កាត់បន្ថយនូវទំនាស់ដីធ្លី ជាឯកសារសំអាងនៅពេលមានវិវាទដីធ្លី អាចយកប្រើប្រាស់ជារបស់សម្រាប់ធានាការខ្ចីប្រាក់ជាដើម។

អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការផ្តល់ជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ គឺជាការស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយក អតីតរដ្ឋមន្ត្រី និងជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីបានផ្តល់សិទ្ធិពេញលេញក្នុងការគ្រប់គ្រងលើធីធ្លីរបស់ខ្លួនដែលជាជម្រកដ៏មានតម្លៃសម្រាប់មនុស្សម្នាក់ៗជូនដល់ប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ បានបន្តថា៖ «ការចុះបញ្ជីក្បាលដី និងការផ្តល់កម្មសិទ្ធិនេះទៀតសោត បានផ្តល់នូវសារប្រយោជន៍ពីរយ៉ាងសំខាន់គឺ សារប្រយោជន៍ដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋយើងផង។ អត្ថប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋយើង គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និង សិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនបងប្អូន ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុមានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លីជាដើម...។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានថ្លែងថា បណ្ណកម្មសិទ្ធិនេះ ក៏អាចផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ចាំបាច់ប្រចាំថ្ងៃ រួមមានដូចជាអាចដាក់ធានាក្នុងការខ្ចីលុយពីធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗជាដើម។ អត្ថប្រយោជន៍ចំពោះរដ្ឋយើង គឺការចុះបញ្ជីដីនេះ ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានបញ្ជាក់ថា ការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឱ្យរដ្ឋគិតគូរ ប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួល ក្នុងការជំរុញកិច្ចការវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជាយើង។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បានណែនាំដល់ប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បណ្ណ ទុកដាក់ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្ណខុស ដែលនាំឱ្យបាត់ ឧទាហរណ៍ដូចជា យកទៅប្រើប្រាស់ក្នុងការលក់ ឬបញ្ចាំ យកប្រាក់មកប្រើប្រាស់ខ្ចះខ្ជាយ ដែលមិនទទួលបានផលប្រយោជន៍ត្រឡប់មកវិញ៕